(វ៉ាស៊ីនតោន)៖ នៅទីបំផុត​ប្រធានាធិបតី​អាមេរិក លោក ​ដូណាល់ ត្រាំ បានប្រកាសពី​ឈ្មោះជ័យលាភី​ នៃពានរង្វាន់ព័ត៌មាន​បោកប្រាស់ ឬ Fake News Awards ឆ្នាំ២០១៧ របស់លោក​ហើយ ខណៈគេហទំព័រ​ជាច្រើនត្រូវ​ជាប់គាំង ដោយសារតែមានអ្នកចូលមើលច្រើន​ហួសហេតុពេក។ អ្នកសារព័ត៌មាន​ដែលបានទទួល​ពានរង្វាន់កិត្តិយស​នេះពី លោក ត្រាំ រួមមានមក​ពីសារព័ត៌មាន New York Times និង CNN ដែលឈរ​ក្នុងចំណាប់ថ្នាក់​កំពូល​ទាំងបី។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។

យោងតាមគេហទំព័រ​ប្លុកមួយរបស់​គេហទំព័រ នៃគណបក្ស​សាធារណៈរដ្ឋ​កាលពីថ្ងៃពុធ អ្នកសារព័ត៌មាន​សេដ្ឋកិច្ច លោក Paul Krugman មកពី New York Times​ ដែលជាអ្នក រិះគន់នៅ​អំឡុងការបោះឆ្នោត​ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ថា សេដ្ឋកិច្ចអាមេរិក​នឹងមិនអាចងើបឡើងវិញ​ឡើយ បើសិនជា​លោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី បានជាប់​ចំណាត់ថ្នាក់លេខមួយ នៃពានរង្វាន់ Fake News Awards នេះ។

ចំណែកឯ លេខពីរគឺបានទៅលើ​អ្នកសារព័ត៌មាន ABC News លោក Brian Ross។ អ្នកសារព័ត៌មាន​រូបនេះ​បានរាយការណ៍​ជាបន្តបន្ទាប់ ពីរឿងអាស្រូវ​ទំនាក់ទំនង​រវាងលោក ត្រាំ និងរុស្ស៊ី ខណៈអ្នក​សារព័ត៌មាន​មកពី CNN​ ជាប់លេខបី។ ជាងនេះ​ទៅទៀត បើទោះបីជា​មិនបានលើក​ឈ្មោះ​ចំៗ ប៉ុន្តែគេ​ដឹងថា អ្នកសារព័ត៌មាន CNN គឺលោក Manu Raju ជាអ្នកទទួល​បានជ័យលាភីនេះ ក្រោយលោក​រាយការណ៍ថា កូនប្រុស​របស់លោក ត្រាំ គឺលោក Donald Trump Jr. ទទួលបាន​ព័ត៌មានមិនល្អ​ជាច្រើន​របស់លោកស្រី ហ៊ីលឡារី គ្លីនតុន។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់​ពីអ្នកសារព័ត៌មាន​ដ៏អស្ចារ្យ ដែលលោក​គោរពផងដែរ ប៉ុន្តែមិនបាន​បញ្ជាក់ពីឈ្មោះ​នោះទេ៕