(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេស​អាមេរិក បានធ្វើការបើកភ្លើង​ខៀវដល់ គម្រោងលក់សព្វាវុធ​ថ្មី​មួយផ្សេងទៀត ទៅកាន់​​ព្រះរាជា​ណាចក្រ​អារ៉ាប៊ីសាអូឌីត ក្រោមក្របខណ្ឌ​នៃការផ្តល់សេវាគាំទ្រ​ផ្នែកប្រព័ន្ធមីស៊ីល ក្នុងតម្លៃប៉ាន់​ស្មានប្រមាណ ៥០០លានដុល្លារ។​ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។

យោងតាម​សេចក្តីប្រកាស ដែលចេញផ្សាយ​ដោយទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការ​សន្តិសុខ​នៃវិស័យការពារជាតិ នៃក្រសួងការពារជាតិ​​អាមេរិក សភាក៏ត្រូវ​បានជូនដំណឹងអំពី​គម្រោងលក់ដូរ​សព្វាវុធនេះ​ផងដែរ។ បើតាមប្រភព​ពីឯកសារដដែល អារ៉ាប៊ីសាអូឌីត​បាន​ស្នើទិញយក​ការចូលរួម ព្រមទាំងជំនួយ​ផ្នែកបច្ចេកទេស ក៏ដូចជាការ​គាំទ្រ និងថែទាំ​នៃកម្មវីធី​ប្រព័ន្ធស៊ើប​ការណ៍ FPS, ប្រព័ន្ធ​មីស៊ីល PAC-3, និងប្រព័ន្ធ​សេវាវិស្វកម្ម ESP។

គួរជម្រាបថា បើតាមទីភ្នាក់ងារ​ខាងលើ គម្រោងលក់​សព្វាវុធនេះ នឹងជួយ​​បង្កើន​សមត្ថភាព​ការពារសន្តិសុខ​ របស់ទីក្រុងរីយ៉ាដ​​បាន​​យ៉ាងច្រើន។ ការបន្ទាន់ក្នុងការ​ទាមទារទិញខាងលើនេះ បានកើតមានឡើងក្រោយពីអារ៉ាប៊ីសាអូឌីត បានទទួលរងការ​ប៉ុនប៉ង​វាយប្រហារទៅ​លើរាជវាំង​ជាច្រើនលើក ពីសំណាក់ក្រុមឧទ្ទាមនៃប្រទេសយ៉េមែន៕