(ម៉ានីល)៖ ខណៈដែលភ្នំភ្លើង​សកម្មជាងគេបំផុតរ​បស់ហ្វីលីពីន គឺភ្នំ Mayon នៅតែបន្តបញ្ចេញ​កម្អែលភ្លើងតិចៗ និងបាញ់ជះបណ្តុំ​ផេះ​ឡើងទៅកាន់ផ្ទៃអាកាស ដែលបង្ខំឲ្យមាន​ការជម្លៀសខ្លួនមនុស្ស​រាប់ម៉ឺននាក់ នៅជុំវិញតំបន់គ្រោះថ្នាក់ ទៅកាន់ទីសុវត្ថិ​ភាព​នោះ អាជ្ញាធរហ្វីលីពីន​បានឲ្យដឹងបន្ថែមទៀតថា ភ្លើងចំនួន០២ផ្សេងទៀត ក៏មានសកម្មភាព​ពុំសូវល្អប៉ុន្មាន​ដែរ។ នេះបើតាមការចេញ​ផ្សាយ​ដោយ ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។

ភ្នំភ្លើង Mayon ដែលស្ថិតនៅចុង​ភាគខាងត្បូងនៃកោះ Luzon របស់ប្រទេស​ហ្វីលីពីន បានបន្តបង្ហាញសកម្មភាព​បម្រុង​នឹង​ផ្ទុះ ​តាំង​តែចុងសប្តាហ៍មុនមកម្ល៉េះ ហើយប្រការហេតុនេះ បានបណ្តាលឲ្យ​អាជ្ញាធរបង្ខំចិត្ត​ជម្លៀសខ្លួន​មនុស្សជាង ១២០,០០០នាក់។ ក្រៅ​ពី​ភ្នំភ្លើង Mayon វិទ្យាស្ថានសិក្សាពីគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង Phivolcs របស់​ហ្វីលីពីន បានឲ្យដឹងនា​ថ្ងៃពុធនេះថា ភ្នំភ្លើង​ចំនួន​ ០២ផ្សេងទៀត ក៏កំពុងបង្ហាញ​សញ្ញាមិនសូវល្អ នៅក្នុងផ្នែកខាង​ក្នុងរបស់ពួកវា​ដងដែរ។

ភ្នំភ្លើងទាំងពីរខាងលើ រួមមានភ្នំ Kanlaon នៅខេត្ត Negros Oriental ភាគកណ្តាល​ហ្វីលីពីន និងភ្នំភ្លើង Bulusan ក្នុងខេត្ត Sorsogon ដែលស្ថិត​លើកោះ Luzon ដូចភ្នំភ្លើង Mayon ដែរ គឺប្រមាណតែ ៧០គីឡូម៉ែត្រ ពីគ្នាប៉ុណ្ណោះ។

គួរជម្រាបថា ប្រទេស​ហ្វីលីពីន ដែលស្ថិតក្នុងទីតាំង​ភូមិសាស្រ្ត​អំណោយផល សម្រាប់បាតុភូត​បន្ទុះភ្នំភ្លើងនោះ មានភ្នំភ្លើង​សកម្ម​​សរុបចំនួន ២៤ ហើយក្នុងចំណោមនោះភ្នំភ្លើង Mayon មានប្រវត្តិផ្តាច់ជីវិត​មនុស្សសាហាវ​ជាងគេបំផុត ដោយការផ្ទុះលើក​ចុង​ក្រោយបំផុត​របស់វា បានកើតមានកាលពី​ខែសីហា ឆ្នាំ២០១៤៕