(កាណាដា)៖ រដ្ឋមន្ត្រីការ​បរទេសអាមេរិក លោក រិច ធីល្លឺសុន បានព្រមានថា របបដឹកនាំរបស់​លោក គីម ជុងអ៊ុន នឹងបង្ខំរហូតដល់អាចមានការប្រើប្រាស់ជម្រើសយោធា ក្នុងការដោះស្រាយវិបត្តិបច្ចុប្បន្ននៅ​ក្នុងតំបន់ បើសិនជាប្រទេសនេះ​មិនព្រមសម្រេចចិត្តផ្សះផ្សា​ជម្លោះតាមរយៈកិច្ចចរចាទេ​នោះ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន Sputnik ​នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។

លោក ធីល្លឺសុន ថ្លែងបែបនេះ​ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា​ ជាមួយសមភាគី​កាណាដា លោកស្រី គ្រីស្ទីយ៉ា ហ្វ្រីឡេនដ៍ (Chrystia Freeland) នាឱកាសកិច្ច​ប្រជុំថ្នាក់រដ្ឋមន្ត្រី​ការបរទេស មកពីប្រទេស​ចំនួន ២០ នៅឯ​ទីក្រុង Vancouver ប្រទេសកាណាដា​ កាលពីថ្ងៃអង្គារ។ ឆ្លើយតបនឹង​សំណួរថា តើសង្រ្គាមរវាង​​សហរដ្ឋអាមេរិក និង
កូរ៉េខាងជើង​អាចផ្ទុះឡើង ឬទេ? លោករដ្ឋមន្ត្រី​ការបរទេស​អាមេរិក បានលើកឡើង​យ៉ាងដូច្នេះថា «យើងទាំងអស់​ត្រូវតែដឹង​ឱ្យច្បាស់​ ពីស្ថានភាព​បច្ចុប្បន្ន ស្របពេល កូរ៉េខាងជើង​នៅតែបន្តអភិវឌ្ឍន៍ កម្មវិធីអាវុធ​នុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប​របស់ពួកគេ»

លោក ធីល្លឺសុន សង្កត់ធ្ងន់ទៀតថា «យើងក៏ត្រូវ​ទទួលស្គាល់ដែរថា ការគំរាមកំហែង​ពីសំណាក់​កូរ៉េខាងជើង កាន់តែរីកធំ​ឡើងហើយ បើសិនជាទីក្រុង​ព្យុងយ៉ាង​មិនជ្រើសរើសផ្លូវ​ ចូលរួមកិច្ចចរចា និងពិភាក្សាទេ នោះពួកគេខ្លួនឯង​នឹងជំរុញឱ្យមានការ​ប្រើប្រាស់កម្លាំង​យោធាជា​មធ្យោបាយ​ដោះស្រាយ​ជម្លោះ»។ លោក ធីល្លឺសុន ក៏បានបញ្ជាក់បន្ថែមផងដែរថា ការប្រើប្រាស់កម្លាំងយោធា មិនមែនជាជម្រើស​អាទិភាពឡើយ ហើយថា ការឯកភាពគ្នារវាង​សហរដ្ឋអាមេរិក រុស្ស៊ី និងចិន ក្នុងការដោះស្រាយ​បញ្ហានុយក្លេអ៊ែរ​កូរ៉េខាងជើង ក៏នឹងមិនមាន​ការផ្លាស់​ប្ដូរដែរ៕