(វ៉ាស៊ីនតោន)៖ មន្រ្តីយោធាជើងទឹក​អាមេរិកជាច្រើនរូប ដែលមានឋានៈ​ជាមេបញ្ជាការ នៅលើនាវាចម្បាំង USS McCain និង USS Fitzgerald ដែលបាន​ជួបឧបទ្ទវហេតុ​ជាបន្តបន្ទាប់​កាលពីឆ្នាំមុន រហូតឈានដល់មានការបាត់បង់​ជីវិត ក្រុមនាវិកសរុប ១៧នាក់​នោះ នឹងត្រូវប្រឈមមុខ​ចំពោះនីតិវិធី​តុលាការ​យោធា ក្រោមបទចោទ​ប្រកាន់ផ្សេងៗ រួមមានការ​ធ្វេសប្រហែស ដែលនាំឲ្យ​​មាន​មនុស្ស​បាត់បង់ជីវិត និងការបរាជ័យ​ក្នុងការបំពេញ​កាតព្វកិច្ចជាដើម។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។

ក្នុងឆ្នាំ២០១៧ នាវិក ០៧នាក់បានស្លាប់ នៅពេលដែល​នាវាចម្បាំង USS Fizgerald បានបុកជាមួយ​នាវាដឹកកុងតឺន័រ ACX Crystal កាលពី​ថ្ងៃទី១៧ ខែមិថុនា និង ១០នាក់ ទៀតបាន​បាត់បង់ជីវិត​កាលពី​ខែសីហា ឆ្នាំដដែល នៅពេលនាវា​ចម្បាំង USS McCain បាន​បុកជាមួយនាវាដឹកប្រេង Alnic MC។ បើតាមការ​ស៊ើបអង្កេត ហេតុការណ៍​គ្រោះថ្នាក់​ដ៏អាក្រក់ទាំងនេះ​អាចបញ្ចៀសបាន ហើយ​​កំហុស​ធ្វេសប្រហែសជាច្រើន ដែលរួមចំណែក​បង្កសោកនាដកម្ម​ទាំងពីរនេះ ក៏ត្រូវបានគេ​រកឃើញ​ផងដែរ។

គួរជម្រាបថា មន្រ្តីយោធាជើង​ទឹកយ៉ាងតិច ០៦រូប នៃអង្គភាពទី ៧ (7th Fleet) របស់​សហរដ្ឋអាមេរិក ត្រូវបាន​ដកចេញពី​មុខតំណែង​ ក្រោយកើតមានឧបទ្ទវហេតុ​ទាំងនេះ ហើយបើ​សរុបហេតុការណ៍​គ្រោះថ្នាក់ ដែលជាប់ពាក់ព័ន្ធជាមួយ​នាវាចម្បាំងរបស់​អាមេ​រិក​វិញនោះ ពេញមួយ​ឆ្នាំ២០១៧ គឺមានដល់ទៅ ០៤ករណី នៅក្នុងតំបន់តែមួយ ប៉ុន្តែមានតែ ០២ករណី​ប៉ុណ្ណោះ ដែលបានបណ្តាល​​ឲ្យមានមនុស្ស​បាត់បង់ជីវិត៕