(វ៉ាស៊ីនតោន)៖ សមាជិកសភា​អាមេរិក នៃគណបក្ស​ប្រជាធិបតេយ្យ លោកស្រី ទុលស៊ី ហ្គាប់បាដ (Tulsi Gabbard) បានកត់​សម្គាល់ថា គោលនយោបាយ​ផ្លាស់ប្ដូររបបហិង្សា​នៅលើ ពិភពលោក​របស់​សហរដ្ឋអាមេរិក បានលើកទឹកចិត្ត​ឱ្យកូរ៉េខាងជើង​ បង្កើនការផលិត​អាវុធ​នុយក្លេអ៊ែរ ដើម្បីការពារខ្លួន​កុំឱ្យជួបវាសនា​ដូចលីប៊ី និងអ៊ីរ៉ាក់។ នេះបើ​តាមការ ចេញផ្សាយ​ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។

លោកស្រី Gabbard បានថ្លែងបែបនេះ នៅចំពេលកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានជួបចរចាគ្នា​ជាបន្តបន្ទាប់​ នារយៈពេលប៉ុន្មាន​សប្ដាហ៍ចុង​ក្រោយនេះ ដោយពុំមាន​វត្តមាន សហរដ្ឋអាមេរិក ដែលបានអះអាងថា នឹងមិនចូលរួមកិច្ចចរចា​ណាមួយឡើយ បើទីក្រុង​ព្យុងយ៉ាង មិនព្រមបោះចោល​អាវុធនុយក្លេអ៊ែរ។ ថ្លែង​នៅលើ Twitter កាលពី​ថ្ងៃអង្គារ សមាជិកសភា​មកពីរដ្ឋហាវ៉ៃរូបនេះ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «គោលនយោបាយ​សង្រ្គាមផ្លាស់​ប្ដូររបប គឺជាហេតុផលជំរុញ​ឱ្យកូរ៉េខាងជើង​យល់ថា ទាល់តែ​មានអាវុធ​នុយក្លេអ៊ែរ ទើបអាច​ប្រឈមមុខនឹង​សហរដ្ឋអាមេរិក និងការពារខ្លួនឯង​កុំឱ្យមានវាសនា​ដូចលីប៊ី ឬក៏អ៊ីរ៉ាក់»

លោកស្រីបន្ថែមថា មេដឹកនាំអាមេរិក​រាប់ទសវត្សរ៍​មកនេះ បានដាក់លក្ខខណ្ឌ​គ្មានភាពប្រាកដ​និយម ដើម្បីចរចា​ជាមួយ​កូរ៉េខាងជើង ប៉ុន្តែបើសិនជា​នៅតែដាក់លក្ខខណ្ឌ​ជាមុន ជាឧទាហរណ៍ដូច​ជាការឱ្យទីក្រុង​ព្យុងយ៉ាង បោះបង់ចោល​អាវុធនុយក្លេអ៊ែរ​ជាមុនសិន នោះវានឹងមិនអាច​មានកិច្ចចរចា​ឡើយ ហើយវិធីដែល​ល្អ គឺហៅកូរ៉េខាងជើង​ឱ្យមកអង្គុយចរចា​ដោយផ្ទាល់​ពីរឿង​សន្តិភាព។

គួរបញ្ជាក់ថា បើតាម​លោកស្រី Tulsi Gabbard ការប្ដូររបបដឹកនាំ​នៅលីប៊ី និងអ៊ីរ៉ាក់ គឺជាកំហុសឆ្គង​មួយ ហើយលោកស្រីក៏បាន​អំពាវនាវផងដែរ ឱ្យសេតវិមាន​បញ្ចប់​គោល​នយោបាយ​​ផ្លាស់ប្ដូររបប​អ្នកដទៃ ដោយជំនួស​មកវិញនូវគោលនយោបាយ​សន្តិភាព ដើម្បីបន្ធូរបន្ថយ​ភាពតានតឹង៕