(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រព័ន្ធ​គ្រប់គ្រង​ជនភៀសខ្លួនរបស់សហរដ្ឋអាមេរិក​នាពេលបច្ចុប្បន្ននេះ គឺកំពុងតែធ្វើឲ្យ​​សន្តិសុខជាតិ​ចុះទន់ខ្សោយ ហើយរដ្ឋបាល​របស់លោក កំពុងតែជម្រុញ​ឲ្យតុលាការកំពូល «ដករនាំងការពារ​ជន​អន្តោវេសន៍ ដែលស្ថិតនៅក្នុងកម្មវិធី Dreamer» ចំនួន ៧០០,០០០នាក់ នោះចេញ។ នេះបើ​តាមការ​ចេញផ្សាយដោយ Channel News Asia ដកស្រង់ពី​ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។

ប៉ុន្មានថ្ងៃក្រោយពីការតិះដៀល ទៅលើជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសមួយចំនួន ដែលនាំឲ្យមានការរិះគន់​ទាំងក្នុងស្រុក និងក្រៅស្រុកនោះ លោក ដូណាល់ ត្រាំ បាននិងកំពុង​បន្តធ្វើការកែប្រែ ឬអាចនឹងលុបចោលតែម្តង ចំពោះកម្មវិធីការពារជន​​អន្តោប្រវេសន៍​នៅសហរដ្ឋអាមេរិក ដែលលោកតែងតែចាត់ទុកថា ជាការធ្វើឲ្យអាមេរិក​ប្រឈមមុខចំពោះ​ការវាយប្រហារដោយភេរវកម្ម។

គួរបញ្ជាក់ថា ចេតនាដ៏មុតមាំរបស់​មេដឹកនាំសហរដ្ឋអាមេរិក​ខាងលើនេះ បានកើតមានឡើង​តាំងពីអំឡុងយុទ្ធនា​ការឃោសនាបោះឆ្នោត​មកម្ល៉េះ ដោយក្នុងនោះរដ្ឋបាល លោក ដូណាល់ ត្រាំ បានបញ្ចេញនូវ​របាយការណ៍មួយ ផ្តល់ដោយក្រសួងសន្តិសុខ​មាតុភូមិ។ នៅក្នុង​របាយការណ៍​នោះបានបញ្ជាក់ថា ៣ ភាគ ៤ នៃអំពើពាក់ព័ន្ធភេរវកម្ម​ចំនួន ៥៤៩ករណី ដែលតុលាការ​អាមេរិក​បានធ្វើការស៊ើប​អង្កេត ចាប់តាំងពីការផ្ទុះអំពើភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មកនោះ គឺមានការ​ចូលរួម​ដោយពលរដ្ឋអាមេរិក ដែលមានកំណើតពីបរទេស ហើយក្នុងនោះគឺ ១៤៨នាក់ ជាអ្នក​ដែលត្រូវបានផ្តល់សញ្ជាតិ ឲ្យរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់៕