(ម៉ូស្គូ)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ បាន​និយាយថា ការចោទប្រកាន់​លើក្រុមយុទ្ធនាការឃោសនា​បោះឆ្នោត​របស់លោកថា បានឃុបឃិត​ជាមួយរុស្ស៊ី ដោយ​សារព័ត៌មានបោកប្រាស់​មួយចំនួន គឺបានស្លាប់បាត់​ទៅហើយ ខណៈអតីត​នាយកយុទ្ធសាស្ត្រ​របស់លោក គឺលោក Steve Bannon ត្រូវបានគេ​តម្រូវឱ្យផ្ដល់​សក្ខីកម្មនៅ ចំពោះ​មុខសភា និងចៅក្រម។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅលើ Twitter ដែលជាបណ្ដាញ​ទំនាក់ទំនងសង្គម​សំណព្វចិត្ត​កាលពីថ្ងៃអង្គារ លោក ត្រាំ បានអះអាងថា ប្រព័ន្ធផ្សាយ​អាមេរិកកំពុងប្រើប្រាស់​ទ្រិស្ដីឃុបឃិត ដើម្បីប្រឆាំង​នឹងរូបលោក និងក្រុមយុទ្ធនាការ​របស់លោក។ ប្រធានាធិបតី​អាមេរិករូបនេះ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «តើអ្នកកត់​សម្គាល់ទេថា ប្រព័ន្ធផ្សព្វផ្សាយ​បោកប្រាស់​ទាំងនោះ ចូលចិត្តនិយាយ​ពីរឿងអវិជ្ជមាន ឬក៏អ្វីមួយដែល​ពួកគេអាចប្រែក្លាយ​ទៅជារឿង​អវិជ្ជមាន។ ការចោទប្រកាន់​រឿងឃុបឃិត​ជាមួយរុស្ស៊ី បានស្លាប់បាត់ទៅហើយ លើកលែង តែក្រុមអ្នក​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ»។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធ​ផ្សព្វផ្សាយអាមេរិក លោក ដូណាល់ ត្រាំ បានលើក​ឡើងពីគណបក្ស​ប្រជាធិបតេយ្យ គឺលោកមាន​បំណងសំដៅទៅលើ​ការចោទប្រកាន់ថា អតីតបេក្ខភាព​ប្រធានាធិបតី​អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រព្រឹត្តកំហុសឆ្គង តាមរយៈការអនុម័ត​លើកិច្ចព្រមព្រៀង​អ៊ុយរ៉ាញ៉ូម ជាមួយក្រុមហ៊ុន​មួយ​របស់រុស្ស៊ី៕