(វ៉ាស៊ីនតោន)៖ អតីតមន្ត្រីទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់អាមេរិក​ម្នាក់ ត្រូវបានចាប់​ខ្លួនពីបទចោទប្រកាន់ថា បានកាន់កាប់​ឯកសារសំងាត់ជាតិ ដោយ​ខុសច្បាប់។ នេះបើតាម​ក្រសួង​យុត្តិធម៌អាមេរិក ដកស្រង់ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។

ក្រសួងយុត្តិធម៌​អាមេរិក នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួនបាន​ឱ្យដឹងថា លោក Jerry Chun Shing Lee មានសញ្ជាតិ​អាមេរិក ត្រូវបានចាប់ខ្លួន​នៅពេលរូប​លោកធ្វើ​ដំណើរមក​ដល់​អាកាស​យានដ្ឋាន JFK ក្នុងទីក្រុង New York កាលពី​ថ្ងៃចន្ទ។ លោក Jerry Chun បានបម្រើ​ការងារជា​ទីភ្នាក់ងារ CIA នៅចន្លោះ​ឆ្នាំ១៩៩៤ និង២០០៧ ជាពេលដែលលោក ចាកចេញទៅកាន់ទីក្រុងហុងកុង។

ក្រោយមកទៀត នៅពេលលោកត្រឡប់មកកាន់​សហរដ្ឋអាមេរិកវិញ នៅឆ្នាំ២០១២ ប៉ូលិស FBI បានឆែកឆេរ​នៅក្នុងបន្ទប់​សណ្ឋាគាររបស់លោក​ក្នុងរដ្ឋ Hawaii និង រដ្ឋ Virginia ដោយរកឃើញកូន​សៀវភៅតូចៗ ចំនួនពីរជាមួយ​ឯកសារសំងាត់​មួយចំនួន មានទាំង កំណត់ហេតុ​សរសេរដោយ​ដៃបញ្ជាក់ពី​ឈ្មោះពិត និងលេខទូរស័ព្ទ​នៃបុគ្គលិក CIA ជាច្រើននាក់។

គួរបញ្ជាក់ថា លោក Jerry Chun Shing Lee មានអាយុ ៥៣ឆ្នាំ និងមានឈ្មោះមួយ​ទៀតថា Zhen Cheng Li ត្រូវបានចោទ​ប្រកាន់ថា បានកាន់កាប់​និងរក្សាឯកសារ​សំងាត់​ដោយខុសច្បាប់ ដែលទោស​នេះអាចឱ្យលោកប្រឈមមុខ​ជាប់ពន្ធនាគារ ១០ឆ្នាំ បើសិនជាគេរកឃើញ​ទោសកំហុស​មែននោះ៕