(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសម្តែងពីក្តីសង្ឃឹម​រៀងៗ​ខ្លួន ​តាមរយៈការសន្ទនាតាមទូរស័ព្ទ នាម្សិលមិញនេះថា ការបន្តបើកកិច្ចសន្ទនាឡើងវិញរវាងបងប្អូនទាំងពីរ គឺកូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ប្រហែលជាអាចនាំឲ្យមានការផ្លាស់ប្តូរនូវឥរិយាបថដែលបង្ក ការគម្រាមកំហែងជាខ្លាំងរបស់ទីក្រុងព្យុងយ៉ាង។ នេះ​បើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។

ការបញ្ជាក់ឲ្យដឹងលម្អិតខាងលើ ត្រូវបានធ្វើឡើង ដោយសេតវិមានអាមេរិក ក្រោយជំនួបពិភាក្សាតាមប្រព័ន្ធទូរស័ព្ទ​ រវាង​លោក ដូណាល់ ត្រាំ និង លោក ស៊ី ជិនពីង បានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ​​បើតាមសេតវិមាន នាឱកាសនោះ លោក​ប្រ​​ធា​​នា​​ធិប​តី​​អា​​មេ​រិក​ ក៏បានបង្ហាញពីការប្តេជ្ញាយ៉ាងមុតមាំដើម្បីបន្តកិច្ចប្រឹងប្រែង ជាអន្តរជាតិ ដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ក្នុង​ការ​ដាក់​សម្ពាធ​ជាអតិបរមា ដើម្បីជំរុញឲ្យកូរ៉េខាងជើង សុខចិត្តលះបង់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនចោលផងដែរ។

កិច្ចសន្ទនាខាងលើនេះ រវាងប្រទេសមហាអំណាចទាំងពីរ ត្រូវបានធ្វើឡើងចំពេលដែលកូរ៉េខាងត្បូង និង​កូរ៉េខាង​ជើង បានធ្វើការបើកកិច្ចពិភាក្សាជាបន្តបន្ទាប់ជុំវិញការ ចូលរួមរបស់ទីក្រុងព្យុងយ៉ាង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ​​ឆ្នាំ២០១៨ ដែលនឹងចាប់ផ្តើមប្រារព្ធឡើងនៅលើទឹកដីកូរ៉េខាងត្បូងនាខែក្រោយនេះ។ ដោយឡែក ជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវិញ លោក ដូណាល់ ត្រាំ បានប្រាប់លោក ស៊ី ជិនពីង ថា រូបលោកមានការខកចិត្តជាខ្លាំងអំពី​ឱន​ភាពពាណិជ្ជកម្ម ដែលកាន់តែដុនដាបទៅៗ របស់ទីក្រុងវ៉ាស៊ីនតោនជាមួយនិងទីក្រុងប៉េកាំង។

បើតាមការឲ្យដឹងពីសេតវិមានអាមេរិក នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទខាងលើ លោក ដូណាល់ ត្រាំ បាន​សម្តែង​ការអាក់​អន់​ស្រពន់​​ចិត្ត​យ៉ាង​ក្រៃ​លែង ចំពោះ​ការ​ដែល​គន្លាតនៃ​​ភាពលម្អៀងក្នុងការធ្វើពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន នៅ​តែ​បន្ត​រីក​ធំឡើង។ ជាមួយគ្នានោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ស្ថានភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹង​ពុំ​អាច​បន្ត​​ទៅ​​យ៉ាងដូច្នោះរហូតឡើយ។

គួរជម្រាបថា បើតាមតួលេខដែលចេញផ្សាយកាលពីចុងសប្តាហ៍ ដោយភាគីចិន ​ឱនភាពពាណិជ្ជកម្មរបស់អាមេរិក ជាមួយទីក្រុង​ប៉េកាំង បានកើនឡើង១០ភាគរយ នៅក្នុងឆ្នាំ២០១៧ ពោលគឺរហូតដល់២៧៥.៨ពាន់លានដុល្លារអាមេរិក៕