(ពិភពលោក)៖ នៅពេលដែលវិបត្តិកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងកាន់តែរីកធំឡើងៗ មជ្ឈដ្ឋានខាងក្រៅចាប់ផ្តើមផ្លាស់ប្តូរការផ្តោតយកចិត្តទុកដាក់របស់ខ្លួន ពីមេដឹកនាំកូរ៉េខាងជើង ដែលជាទូទៅត្រូវបានគេចាត់ទុកថា ជាមនុស្សឆ្កួតលប់ម្នាក់នោះ ដោយងាកមកចាប់អារម្មណ៍ទៅលើគោលនយោបាយសហរដ្ឋអាមេរិក ទៅលើវិបត្តិនេះជំនួសទៅវិញ។

កាលពីពេលកន្លងទៅនេះ សេចក្តីរាយការណ៍បានបង្ហាញថា សហរដ្ឋអាមេរិកមានបំណងចង់ប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយទំនាស់។ ជាក់ស្តែងកាលពីខែធ្នូកន្លងទៅនេះ កាសែត Telegraph របស់ចក្រភពអង់គ្លេសបានរាយការណ៍ថា រដ្ឋាភិបាលលោក  ត្រាំ បានពិចារណាវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធមីស៊ីល ឬនុយក្លេអ៊ែរកូរ៉េខាងជើង ខណៈដែលសារព័ត៌មាន Wall Street Journal ចេញផ្សាយកាលពីថ្ងៃទី០៩ ខែធ្នូកន្លងទៅនេះ ក៏រាយការណ៍ដូចគ្នាផងដែរ។

ក្នុងពេលដំណាលគ្នា ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បែរជានិយាយថា លោកស្វាគមន៍ជានិច្ច ចំពោះកិច្ចចរចាជាមួយកូរ៉េខាងជើង ដើម្បីដោះស្រាយវិបត្តិដោយសន្តិវិធី។ មិនតែប៉ុណ្ណោះ ប្រធានាធិបតរូបនេះ ថែមទាំងបានចោទថា សេចក្តីរាយការណ៍របស់កាសែត Wall Street Journal គឺ «ខុសទាំងស្រុង» ។ លោកបានលើកឡើងបែបនេះក្នុងពេលធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ីន។ កាលពីសប្តាហ៍មុនលោក ត្រាំ បាននិយាយថា «ការលើកមកជជែកពិភាក្សាគ្នា គឺជារឿងល្អ!» «ខ្ញុំតែងតែជឿជាក់លើការចរចាគ្នា» ហើយលោកមានឆន្ទៈ ក្នុងការនិយាយជាមួយមេដឹកនាំកូរ៉េខាងជើង។

វាហាក់មានភាពស្រពិចស្រពិលបន្តិចចំពោះការផ្លាស់ប្តូរភ្លាមៗ ទៅលើយុទ្ធសាស្ត្ររបស់លោក។ យ៉ាងនេះក្តីអាចពិនិត្យមើលយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ចំពោះវិបត្តិកូរ៉េខាងជើងមាន មូលដ្ឋានបីសំខាន់ៗគឺ៖

ទី១៖ ក្ដីបារម្ភធំបំផុតរបស់អាមេរិក គឺធ្វើយ៉ាងអាចរារាំង កូរ៉េខាងជើង មិនឱ្យបង្កើនសមត្ថភាពនុយក្លេអ៊ែរ។

ទី២៖ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន មានឆន្ទៈចង់ចរចាជាមួយរដ្ឋាភិបាល ក្រុងព្យុងយ៉ាង បើសិនជាកូរ៉េខាងជើង យល់ព្រមសម្រេចថា ការទប់ស្កាត់អាវុធនុយកេ្លអ៊ែរ ត្រូវបានដាក់ក្នុងរៀបវារៈនៃកិច្ចចរចា នេះជាការដាក់លក្ខខណ្ឌទុកជាមុន មុននឹងចាប់ផ្តើមកិច្ចចរចា។

ទី៣៖ សហរដ្ឋអាមេរិក នឹងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង តាមរយៈការដាក់សម្ពាធ និងការផ្ដាច់រដ្ឋាភិបាលកុម្មុយនីសមួយនេះឱ្យនៅដាច់ឆ្ងាយពីគេ ដើម្បីឱ្យកូរ៉េខាងជើង ចូលរួមចរចាដោយប្រើប្រាស់របៀបវារៈខាងលើ។  រដ្ឋាភិបាលរបស់លោក ត្រាំ ចាត់ទុកហៅថា នេះជា «ការដាក់សម្ពាធអតិបរមា»។ វាមិនត្រឹមតែរួមបញ្ចូលទាំងការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចនិងការទូតដ៏តឹងតែងប៉ុណ្ណោះទេ ថែមទាំងការគំរាមប្រើប្រាស់កម្លាំងយោធាផងដែរ។

ពេលខ្លះលោក ត្រាំ បានហៅលោក គីម ថាជាមនុស្សឆ្កួតដ៏គ្រោះថ្នាក់ ប៉ុន្តែពេលខ្លះបែរជានិយាយថា លោកចង់ជួបលោក គីម ដើម្បីបរិភោគអាហាររួមគ្នា។ អាចនិយាយបានថា គោលនយោបាយ របស់អាមេរិកមានទាំងល្អ និងអាក្រក់។ តែអ្វីដែលសំខាន់ គឺយុទ្ធសាស្ត្រអាមេរិកចំពោះកូរ៉េខាងជើងអាចចាត់ទុកជារឿងគ្រោះថ្នាក់ ពិសេសសម្រាប់កូរ៉េខាងត្បូង។

ការដាក់ទណ្ឌកម្មដ៏តានតឹងកាន់តែខ្លាំងមិនបានបង្ខំទីក្រុងព្យុងយ៉ាងឱ្យផ្លាស់ប្តូរទិសដៅទេ។ ចំណែកប្រទេស ចិន ក៏មិនមានឆន្ទៈពិតប្រាកដក្នុងការរឹតបន្តឹងកូរ៉េខាងជើងដូចគ្នា ដោយបារម្ភខ្លាចរបបកុម្មុយនីសកូរ៉េខាងជើង ដែលជាជើងទម្ររបស់ខ្លួនត្រូវដួលរលំ។ ជាលទ្ធផលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានពិចារណាអំពីជម្រើសកម្លាំងយោធា។ តែសូមជម្រាបថា សេចក្តីសម្រេចលើយុទ្ធសាស្ត្រនេះជារឿងគ្រោះថ្នាក់ មិនមែនសម្រាប់អាមេរិកនោះទេ ប៉ុន្តែជារឿងគ្រោះថ្នាក់សម្រាប់កូរ៉េខាងត្បូង។

ប្រសិនបើមានសង្គ្រាមនុយក្លេអ៊ែរកើតឡើង នោះកូរ៉េខាងជើងច្បាស់ជាសងសឹកវិញ ដោយការកំទេចនៅទីក្រុងសេអ៊ូលមុនគេ ដោយសារក្រុង សេអ៊ូល ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកាំភ្លើងធំ និងគ្រាប់រ៉ុកែតរាប់ពាន់គ្រឿងរបស់កូរ៉េខាងជើង។ លោក គីម អាចនឹងសងសឹកអាមេរិក ដោយវាយប្រហារទីក្រុងសេអ៊ូលជំនួសវិញ ពីព្រោះលោកដឹងច្បាស់ពីលទ្ធផលនៃការ វាយប្រហារអាមេរិកដោយផ្ទាល់។

ក្នុងស្ថានភាពបែបនេះ ក្រុងវ៉ាស៊ីនតោន អាចនឹងមានសុវត្ថិភាពការវាយប្រហារពីសំណាក់ប្រទេស កូរ៉េខាងជើង តែចុះចំណែកទីក្រុងសេអ៊ូលវិញយ៉ាងណាដែរ? ទោះបីអាមេរិកនឹងមិនឈរអោបដៃ មើលសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវគេវាយប្រហារ ដោយការសងសឹកកូរ៉េខាងជើងវិញ តែអ្វីដែលសំខាន់គឺកូរ៉េខាងត្បូង ត្រូវរងគ្រោះមុនគេបាត់ហើយ។ ដើម្បីតែគោរពពាក្យសន្យារបស់ខ្លួនក្នុង យុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ត្រំា បានសន្យាថា គ្រាប់មីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង «នឹងមិនកើតឡើង» ជាដាច់ខាតនោះ។  ល្បែងនេះអាមេរិក ហាក់គ្មានបារម្ភអ្វីទាំងអស់ តែកូរ៉េខាងត្បូងទៅវិញទេ ដែលអាចនឹងរងគ្រោះថ្នាក់ដោយសារឥរិយាបថរបស់អាមេរិក៕

បកប្រែ និងសម្រលដោយ៖ អ៊ឹត ចណ្ណា