(បង់ក្លាដែស)៖ ​នៅទីបំផុត រដ្ឋាភិបាលបង់ក្លាដែសនិងមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បានឈានដល់កិច្ចព្រមព្រៀងមួយស្ដីពីការធ្វើមាតុភូមិនិវត្តន៍ជនជាតិរ៉ូហ៊ីងយ៉ា ជាង៧៤០,០០០នាក់​ ក្នុងរយៈពេលកំណត់០២ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ភាគីបង់ក្លាដែសបានឱ្យដឹងថាមីយ៉ាន់ម៉ាយល់ព្រមទទួល យកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា១៥០០នាក់ ក្នុងមួយសប្ដាហ៍។ ប៉ុន្តែសេចក្ដីថ្លែង ការណ៍នេះដដែល មិនបានបញ្ជាក់ថាតើនិតិវិធីនៃការទទួលយកជនភៀសខ្លួន​ទាំងនេះពីបង់ក្លាដែសមកវិញ នឹងត្រូវដំណើរការនៅពេលណានោះទេ។ ជនជាតិរ៉ូហ៊ីងយ៉ា ច្រើនជាង៧៤០,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស គិតចាប់តាំងពីជម្លោះផ្ទុះឡើងនៅក្នុងរដ្ឋ Rakhine កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧។

យ៉ាងណាក៏ដោយ ទីភ្នាក់ងារផ្ដល់ជំនួយមនុស្សធម៌អន្តរជាតិជាច្រើន មានការព្រួយបារម្ភជាខ្លាំងដោយខ្លាចក្រែងថាជនជាតិរ៉ូហ៊ីងយ៉ា ត្រូវបានគេបង្ខំឱ្យត្រឡប់មកកាន់ មីយ៉ាន់ម៉ាខណៈជនជាតិរ៉ូហ៊ីងយ៉ាផ្ទាល់ ក៏នៅតែព្រួយបារម្ភផងដែរថាពួកអាចនឹងរងការធ្វើបាបសាជាថ្មី នៅពេលពួកគេត្រឡប់មករដ្ឋ Rakhine វិញ៕