(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាព​ប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ បានប្រកាសថា កូរ៉េខាងជើងនឹងបញ្ជូនក្រុមសិល្បៈ ១៤០នាក់ ក្នុងនោះរួមមានទាំងក្រុមតន្ត្រី orchestra ផងដែរមកកាន់ប្រទេសកូរ៉េខាងត្បូង នៅអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារក្នុងទីក្រុង Pyeong Chang នៅខែកុម្ភៈខាងមុខនេះ៕

២៖ រដ្ឋាភិបាលជប៉ុន បានចេញសេក្ដីថ្លែងការណ៍មួយដោយអះអាងថា នាវាមុជទឹកចិនមួយគ្រឿង ដែលគេបានប្រទះឃើញនៅឯ​តំបន់ដែនទឹក នៃទីប្រជុំកោះជម្លោះក្នុង សមុទ្រចិនខាងកើត គឺជាប្រភេទនាវាមុជទឹកចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ៕

៣៖ កាលពីខែកញ្ញា ឆ្នាំ២០០៩ គណៈកម្មាធិការទទួលបន្ទុក គោលដៅនាពេលអនាគត នៃកម្មវីធីអវកាសអាមេរិក បានចេញផ្សាយ​របាយការណ៍មួយរបស់ខ្លួនដែលធ្វើ ការពិនិត្យពិច្ច័យទៅលើ ផែនការនាំមនុស្សទៅទីអវកាសរបស់អាមេរិក។ លទ្ធផលចម្បងនៃ​របាយការណ៍នោះ គឺថាទីភ្នាក់ងារអវកាស NASA មានភាពមមាញឹកខ្លាំងពេក។ កាលពីឆ្នាំ២០០៩ អង្គការ NASA មានកម្មវីធីមួយ​ឈ្មោះថា Constellation ដែលមានគោលដៅស្នូល ធ្វើយ៉ាងណានាំមនុស្សត្រឡប់ទៅកាន់ឋានព្រះច័ន្ទជាថ្មីម្តងទៀត ឲ្យបាននៅឆ្នាំ២០២០ ប៉ុន្តែការឧបត្ថម្ភ ដើម្បីអនុវត្តន៍កម្មវីធីនោះ គឺមានសភាពខ្វះខាតជាខ្លាំង៕

៤៖ការបង្កើតកម្លាំងសន្តិសុខព្រំដែន (BSF) នៅលើដែនដីស៊ីរី ដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមជនជាតិឃើដប្រហែលជា អាចឈានទៅរកការបំបែកខ្លួន នៃតំបន់មួយចំនួនចេញពីប្រទេសមជ្ឈិមបូព៌ាមួយនេះ។ នេះបើតាមសមាជិកមួយរូបនៃប្រតិភូក្រុមប្រឆាំងស៊ីរីប្រចាំកិច្ចចរចាទីក្រុង អាស្តាណា គឺ លោក ហ្វាតេហ៍ ហាសសួន (Fateh Hassoun)៕

៥៖ នាយករដ្ឋមន្រ្តីរ៉ូម៉ានី លោក មីហៃ ទូដូស (Mihai Tudose) បានប្រកាសលាលែងពីតំណែងកាលពីយប់មិញក្រោយពីថ្នាក់ដឹកនាំនៃបក្សកាន់អំណាចប្រជាធិបតេយ្យ សង្គមបានបោះឆ្នោតដកការគាំទ្រផ្នែកនយោបាយ ចេញពីរូបលោក៕

៦៖ កាណាដា និងសហរដ្ឋអាមេរិក កំពុងរៀបចំកិច្ចប្រជុំមួយស្ដីពីបញ្ហាឧបទ្វីបកូរ៉េ ក្រោមការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេស ២១។ ប៉ុន្តែទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង មិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ ពោលគឺគ្រាន់តែនឹងត្រូវបានគេប្រាប់ ពីលទ្ធផលនៃកិច្ចប្រជុំតែប៉ុណ្ណោះ៕