(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានចេញ​សេក្ដីថ្លែងការណ៍​មួយ​ដោយអះអាងថា នាវាមុជទឹក​ចិនមួយ​គ្រឿង ដែលគេបាន​ប្រទះឃើញ​នៅឯតំបន់ដែនទឹក នៃទីប្រជុំ​កោះ​ជម្លោះក្នុង សមុទ្រចិន​ខាងកើត គឺជាប្រភេទនាវាមុជទឹក​ចម្បាំង​ដើរដោយ​ថាមពលនុយក្លេអ៊ែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។

សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​កាលពីថ្ងៃចន្ទ ធ្វើឡើងចំថ្ងៃតែមួយ​ដែលទីក្រុងប៉េកាំង ប្រកាសថា នាវាចម្បាំង​បីគ្រឿងនៃកងឆ្មាំសមុទ្រ​របស់ខ្លួន បានដឹកនាំការ​ធ្វើសមយុទ្ធ ល្បាតនៅ​តំបន់ដែនទឹក​នៃទីប្រជុំតៃយុ (Daiyou​) ឬហៅជាភាសា​ជប៉ុនថា សិនកាគូ (Senkaku) ទីដែលប្រទេស​ជិតខាងទំាងពីរ​ កំពុងមានជម្លោះដែនទឹក​គ្មានរាប់សិបឆ្នាំមកហើយ។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Itsunori Onodera បាននិយាយថា ចិនមិនត្រឹមតែ​បញ្ជូននាវាល្បាត​ប៉ុណ្ណោះទេ តែមានថែម​ទាំងនាវាមុជ​ទឹកមួយគ្រឿង​​ត្រូវបានកំណត់ថា ជាប្រភេទនាវា​មុជទឹកដើរដោយ​ថាមពល​នុយក្លេអ៊ែរ Shang-Class ដែលមាន​សមត្ថភាព បំពាក់​គ្រាប់មីស៊ីលរយៈចំងាយ​ឆ្ងាយ​ទៀតផង។ «នាវាមុជទឹក​​ចិនបានឆ្លងកាត់​តំបន់ដែនទឹក​របស់យើង ហើយនេះគឺ​ជាសកម្មភាពឯកតោភាគី​ បង្កភាពតានតឹង​នៅក្នុងតំបន់»។ នេះជាការលើក​ឡើងរបស់​លោករដ្ឋមន្ត្រីការ​ពារជាតិជប៉ុន។

គួរបញ្ជាក់ថា ចិនបានអះអាងថា ទីប្រជុំកោះតៃយុ គឺ​ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយនេះ​ក៏មិនមែនជាលើកទីមួយ​ដែលជប៉ុនចោទថា ចិនបញ្ជូន​នាវាចម្បាំងមក​កាន់តំបន់ជម្លោះ​មួយនេះទេ។ ម្យ៉ាងវិញ​ទៀត ទីក្រុងប៉េកាំង​ក៏មិនបានទទួលស្គាល់​ដែរថា ខ្លួនពិតជា​បានបញ្ជូននាវាមុជទឹក​ទៅកាន់តំបន់​ជម្លោះ ឬយ៉ាងណា៕