(គែរ)៖ ការបង្កើតកម្លាំង​សន្តិសុខ​ព្រំដែន (BSF) នៅលើដែនដី​ស៊ីរី ដែលគ្រប់គ្រង​ដោយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី (SDF) ដឹក​នាំ​ដោយ​​ក្រុម​ជន​ជាតិ​​ឃើដ ប្រហែលជា​អាចឈានទៅ​រកការបំបែកខ្លួន នៃតំបន់​មួយចំនួន​ចេញពី​ប្រទេស​​មជ្ឈិមបូព៌ា​មួយនេះ។ នេះ​បើ​​តាមសមាជិក​មួយរូប​​នៃប្រតិភូក្រុមប្រឆាំងស៊ីរី ​ប្រចាំកិច្ចចរចា​ទីក្រុង​អាស្តាណា គឺ លោក ហ្វាតេហ៍ ហាសសួន (Fateh Hassoun) ដកស្រង់​សម្តីដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹក​​ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។

លោក ហ្វាតេហ៍ ហាសសួន (Fateh Hassoun) បានលើកឡើង​ដូច្នេះថា «បច្ចុប្បន្ន​សហរដ្ឋអាមេរិក ប្រហែលជាមិនមាន​គោលបំណង​ ​បង្កើត​ផែន​ទី​​ប្រទេស​ស៊ីរី​ថ្មី​​​ឡើយ ក៏ប៉ុន្តែការ​សម្រេចបង្កើត កងកម្លាំងការពារ​សន្តិសុខ​តាមព្រំដែន​នៅស៊ីរី របស់ទីក្រុង​វ៉ាស៊ីនតោន អាចផ្តល់ឱកាស​បែប​នេះ ដល់ក្រុមដែល​មានបំណងចង់បំបែក​រដ្ឋបាន។ ដូច្នេះហើយ ផែនទីថ្មី​នៃប្រទេសស៊ីរី អាចនឹងក្លាយ​ជាការពិតនា​ថ្ងៃអនាគត​បាន​»

បើតាម លោក Hassoun ការបង្កើត​កម្លាំង BSF អាចមានគោលដៅ​មួយចំនួន​រួមមានទី ១៖ ទប់ស្កាត់ការ​ដាក់ពង្រាយកងទ័ព​​តួកគី ​​នៅតាមបណ្តាយព្រំដែនជាមួយស៊ីរី។ ទី២៖ បង្កើតតំបន់ដែលព្រំដែនមានសន្តិសុខរឹងមាំ ប៉ុន្តែអាចតម្រូវឲ្យមានការបែកខ្ញែក​គ្នា។ ក្រៅពីនេះ សហរដ្ឋអាមេរិក ក៏ប្រហែលចង់បង្កើន​ឥទ្ធិពលរបស់​ខ្លួន​នៅក្នុងតំបន់ តាមការរយៈ​ការកាត់បន្ថយ​ឥទ្ធិពលរុស្ស៊ី និង​​បង្កហេតុ​ដល់តួកគី​ផងដែរ។

គួរជម្រាបថា បើតាម​សារព័ត៌មាន Defense Post ដែលស្រង់​សម្តីពីអ្នកនាំពាក្យ នៃក្រុមចំរុះ​អន្តរជាតិដឹកនាំ​ដោយអាមេរិក ដែល​ប្រយុទ្ធប្រឆាំង​នឹងក្រុម​ភេរវករ ISIS នោះ បាន​រាយការណ៍ថា ក្រុមយោធា​អន្តរជាតិនេះ បាននិងកំពុង​ផ្តល់ការបំពាក់បំប៉ន​​ដល់​ កង​កម្លាំងប្រមាណ ៣០,០០០នាក់ នៅក្នុងទឹកដី​ស៊ីរី ដែលបច្ចុប្បន្ន​ស្ថិតក្រោមការគ្រប់គ្រង​របស់ SDF ដើម្បីរក្សា​សន្តិសុខ​នៅក្នុង​តំបន់តាម​បណ្តោយព្រំដែន​ភាគខាងជើង​របស់ប្រទេស​ស៊ីរី៕