(វ៉ាស៊ីនតោន)៖ ខណៈនៅចំពោះ​មុខអន្តរជាតិ​សហរដ្ឋអាមេរិក បានអះអាងម្តង​ហើយម្តង​ទៀតពី ការប្តេជ្ញាយ៉ាង​មុតមាំ​របស់ខ្លួន ក្នុង​ការ​ជ្រើស​រើស​មធ្យោបាយ​ការទូត ដើម្បីបញ្ឈប់​ការគម្រាមកំហែង​ និងការប្រឈមមុខគ្នា ​ដោយប្រើ​អាវុធ​នុយក្លេអ៊ែរ​ជា​មួយ​កូ​រ៉េ​ខាង​ជើង​​នោះ មន្ទីរបញ្ចកោណ​​ស្ងាត់ៗ បាននិងកំពុងត្រៀមរៀបចំខ្លួន សម្រាប់ទប់ទល់ស្ថានការណ៍ ​ដែល​នឹកស្មាន​​មិនដល់​។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។

ខណៈប្រមុខ​ការពារជាតិ​អាមេរិក លោក James Mattis និងប្រមុខការទូត​ លោក Rex Tillerson បានលើកឡើង​​ជាដដែលៗថា សហ​​រដ្ឋអាមេរិក គឺបាន​ត្រៀមខ្លួនរួច​ជាស្រេច ដើម្បីចរចាជា​មួយកូរ៉េខាងជើង នៅគ្រប់ពេល​វេលា​ក្នុង​គោល​បំណង បញ្ចប់ការ​គម្រាមហែង​នៃការផ្ទុះសង្រ្គាម​នុយក្លេអ៊ែរ ជាមួយប្រទេស​កូរ៉េខាងជើងនោះ ការបង្កើន​ធ្វើសមយុទ្ធ និង​​លំ​ហាត់ដឹកជញ្ជូន​ផ្នែក​យោធានានា ដែលត្រាប់តាម​ករណីសង្រ្គាម​លើដីគោក​ពិតៗនោះ កំពុង​កើត​​មាន​ឡើង​នៅ​លើ​ទឹក​ដី​​របស់​សហ​រដ្ឋ​អាមេរិក។​

គួរជម្រាបថា បើតាមសារព័ត៌មាន New York Times ការហ្វឹកហ្វឺនផ្នែក​យោធានាពេលថ្មីៗ របស់ក្រសួងការពារជាតិ​អាមេរិក (មន្ទីរ​បញ្ចកោណ) កំពុងតែមាន​ការកើនឡើងទាំងផ្នែក​ទ្រង់ទ្រាយ ហើយថែមទាំងញឹកញាប់​ជាងមុនទៀត ដែលប្រការនេះ​បង្ហាញអំពី​​ការពង្រឹង​សមត្ថភាព​ ដើម្បីត្រៀមខ្លួនដោយស្ងាត់ៗ ដែលពុំធ្លាប់កើត​មាន​នោះឡើង តាំងតែពីសម័យ​សង្រ្គាមអាមេរិក​នៅអ៊ីរ៉ាក់៕