(ហ្សាការតា)៖ មនុស្សយ៉ាងតិច ៧២នាក់ បានទទួលរងរបួសធ្ងន់-ស្រាល នៅពេលដែល​ពិតានមួយជាន់ នៅក្នុងអគារទីផ្សារ​មូលប័ត្រ​ឥណ្ឌូណេ​ស៊ី ដែលស្ថិតក្នុងរដ្ឋធានី​ហ្សាការតា បានបាក់ស្រុត​យ៉ាងស្តែងៗតែម្តង។ នេះបើតាមការចេញ​ផ្សាយដោយ សារព័ត៌មាន Bloomberg នៅរសៀល​ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។

ហេតុការណ៍​ខាងលើ បានកើតឡើងនា​រសៀលថ្ងៃចន្ទនេះ នៅអំឡុងពេល​មានការធ្វើទស្សនកិច្ច​ ពីសំណាក់​​និស្សិត​សាកល​វិទ្យា​ល័យ និង​អំឡុងពេល​សម្រាកថ្ងៃត្រង់ ដោយហេតុនេះ​ហើយ ទើបបានធ្វើមនុស្សរងរបួសច្រើន​បែបនេះ ក៏ប៉ុន្តែអាចជា​សំណាង​ល្អ​​ដែរ ដែលប៉ូលិស​បានអះអាងថា ពុំមានការរកឃើញ​មនុស្សបាត់​បង់ជីវិត នៅហ្នឹងកន្លែង​កើតហេតុ ក្នុង​បរិវេណ​អគារ Tower 2 នៃ​ទីផ្សារមូលប័ត្រ​នេះឡើយ។

គួរជម្រាបថា ខណៈពេលនេះ អាជ្ញាធរបាន​បិទផ្លូវជុំវិញអគារ​ខាងលើ ដើម្បីធ្វើការស៊ើបអង្កេត​បន្តទៀត ក្រោយពីពុំបាន​រកឃើញ​មានវត្តមានគ្រឿងផ្ទុះ​ប្រភេទណា​មួយនោះ។ ដោយឡែក សម្រាប់អ្នក​រងរបួសវិញ គឺជាភាគច្រើន​សុទ្ធតែស្រ្តី និងរង​គ្រោះធ្ងន់-​ស្រាល​ខុសៗគ្នា ដោយសារហេតុការណ៍​នេះ៕​