(ព្យុងយ៉ាង)៖ កូរ៉េខាងជើង​នៅថ្ងៃចន្ទនេះ បានជម្រុញឱ្យប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងត្បូង មួយចំនួនបញ្ឈប់​ការបំពុលបរិយាកាស ឬក៏ការបង្កការច្រឡំ​​ដល់កិច្ចសន្ទនារវាង កូរ៉េខាងត្បូង​ និងកូរ៉េខាងជើង​នៅភូមិ Panmunjom។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។

ស្ថានីយទូរទស្សន៍​រដ្ឋកូរ៉េខាងជើង KCNA ​តាមរយៈការ​ស្រង់សម្ដីរបស់ លោក Kim Cho Guk ជានាយក​សហជីពសារព័ត៌មាន​កូរ៉េខាងជើង​បាននិយាយថា សារព័ត៌មាន​អភិរក្ស​និយមមួយ​ចំនួន នៅក្នុងប្រទេស​កូរ៉េខាងត្បូង កំពុងធ្វើសកម្មភាព​បំភ័ន្តមតិ​សាធារណៈដើម្បីបង្កភាព​ល្អក់កករ ដល់កិច្ច​សន្ទនា និងកិច្ចខិត​ខំប្រឹងប្រែងធ្វើឱ្យ​ប្រសើរ​ឡើងវិញ នូវទំនាក់ទំនង​រវាងកូរ៉េ​ទាំងពីរ។

លោក Cho Guk បានបន្ថែមទៀតថា សារព័ត៌មានអភិរក្ស​និយមកូរ៉េខាងត្បូង​បានរៀបរាប់ថា សំណើរបស់កូរ៉េខាងជើង​ចង់ជួប​ចរចាជាមួយ​កូរ៉េខាងត្បូង គឺគ្រាន់តែជាយុទ្ធសាស្ត្រ​មួយតែ​ប៉ុណ្ណោះ ហើយលោក​ក៏បានស្នើផងដែរ​ឱ្យទីក្រុងសេអ៊ូល មានការប្រុងប្រយ័ត្ន​ចំពោះរាល់សកម្មភាព​ ដែលធ្វើឱ្យ​ល្អក់កករដល់កិ​ច្ចសន្ទនា។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះដែរ​កូរ៉េខាងជើង បានស្នើឱ្យរៀបចំកិច្ច​ប្រជុំកំរិតការងារ​ថ្នាក់អនុរដ្ឋមន្ត្រី​ជាមួយកូរ៉េខាងត្បូង នៅក្នុងថ្ងៃពុធ​សប្ដាហ៍នេះតែម្តង ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹង​ការចូលរួមរបស់​កូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងារ នៅឯកូរ៉េខាងត្បូង ដែលមានក្រុមប្រតិភូជាន់ខ្ពស់ ក្រុមអត្តពលិក និងក្រុមតន្ត្រីរបស់កូរ៉េខាងជើង គ្រោងចូលរួម៕