(បាកដាត)៖ អាជ្ញាធរ​អ៊ីរ៉ាក់​នៅថ្ងៃចន្ទនេះ​បាននិយាយថា មនុស្សយ៉ាងហោច​ណាស់ ២៧នាក់ បានស្លាប់ និង ៦៥នាក់ រងរបួសធ្ងន់-ស្រាល នៅក្នុងការ​វាយប្រហារបំផ្ទុះគ្រាប់​បែកអត្តឃាតពីរ​លើកផ្ទួនៗ គ្នានៅក្នុងរដ្ឋធានី​បាកដាដតែម្តង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC​ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​អ៊ីរ៉ាក់ មនុស្សរាប់សិបនាក់​ផ្សេងទៀត ក៏បានរងរបួស​ផងដែរ ដោយសារតែ​ការវាយប្រហារនេះ​ នៅឯតំបន់ Tayaran Square នៃរដ្ឋធានី​បាកដាដ ដែលត្រូវបាន​គេមើលឃើញថា តែងតែទទួល​រងការវាយប្រហារ​បំផ្ទុះគ្រាប់ស្ទើររាល់ថ្ងៃ ពីសំណាក់​ពួក ISIS។ ប៉ុន្តែក្រោយ​ការបរាជ័យរបស់​ពួកភេរវករ​មួយនេះ កាលពី
ខែធ្នូ ឆ្នាំ២០១៧ ការវាយប្រហារភេរវកម្ម​ ហាក់ដូចជាមាន​ការថយចុះ។

គួរបញ្ជាក់ថា កាលពី​ថ្ងៃសៅរ៍​កន្លងទៅ ការវាយប្រហារ​ដោយបំផ្ទុះគ្រាប់បែកអត្តឃាត​នៅឯប៉ុស្ដិ៍ត្រួតពិនិត្យមួយ​កន្លែង នៃភាគខាងជើង​រដ្ឋធានី​បាកដាដ ក៏បានសម្លាប់​មនុស្ស ០៥នាក់ ផងដែរ៕ ​