​(សេអ៊ូល)៖ កូរ៉េខាងជើង​នៅថ្ងៃចន្ទនេះ បានស្នើឱ្យរៀបចំ​កិច្ចប្រជុំកំរិត​ការងារជាមួយ​កូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ​ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការចូលរួម​របស់ កូរ៉េខាងជើងក្នុង​ព្រឹត្តិការណ៍កីឡា​អូឡាំពិក​រដូវរងារ។ នេះបើតាម​ក្រសួងបង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង ដកស្រង់​ដោយ​សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។

យោងតាម​ក្រសួងបង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង កូរ៉េខាងជើង​បានស្នើមកកាន់​កូរ៉េខាងត្បូងថា កូរ៉េទាំងពីរនឹងជួបប្រជុំគ្នាជាថ្មី​នៅថ្ងៃពុធ នៅឯភូមិ Panmunjom ហើយ​កូរ៉េខាងជើង​នឹងបញ្ជូនក្រុមប្រតិភូ​របស់ខ្លួនបីរូប ដឹកនាំដោយ លោក ចុន ចុងស៊ូ (Jon Jong-su) ជាអនុប្រធានទីភ្នាក់ងារ​រដ្ឋកូរ៉េខាងជើង​ ទទួលបន្ទុកកិច្ចការ​អន្តរកូរ៉េ ដែលមានឋានៈ​ស្មើនឹង​អនុរដ្ឋមន្ត្រីផងដែរ។

គួរបញ្ជាក់ថា សំណើរបស់​កូរ៉េខាងជើង ធ្វើឡើងតែប៉ុន្មាន​ម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េទាំងពីរ​ជួបចរចាគ្នា នៅឯអាគារ Tongilgak គ្រប់គ្រងដោយ​កូរ៉េខាងជើង នៅឯភូមិ Panmunjom កាលពី​ម៉ោង ១០៖១១នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ដើម្បីពិភាក្សាគ្នា​ស្ដីពីការបញ្ជូនក្រុម​សិល្បៈកូរ៉េខាងជើង ឱ្យមកចូលរួមសម្ដែងក្នុង​ ព្រឹត្តិការណ៍​កីឡា​អូឡាំពិករដូវរងារ​ឆ្នាំ២០១៨ រៀបចំ​ឡើងនៅក្នុង​ទីក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូង​ពីខែកុម្ភៈ រហូតដល់​ខែមីនា៕