(​ហ្គាហ្សា)៖ ប្រធានាធិបតី​ប៉ាឡេស្ទីន លោក ម៉ាមួដ អាប់បាស់ (Mahmoud Abbas) បាននិយាយថា ប៉ាឡេស្ទីនមិន​ទទួលស្គាល់សហរដ្ឋអាមេរិក ជាអ្នកសម្របសម្រួលផ្សះផ្សាជម្លោះ​ជាមួយ នឹងអ៊ីស្រាអែល​ទៀតឡើយ ហើយក៏នឹង​មិនទទួលស្គាល់​ដែរនូវ កិច្ចព្រមព្រៀង​ដែលផ្ដួចផ្ដើមឡើង​ដោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។

លោក Abbas ថ្លែងបែបនេះ បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​ជាច្រើនថា ព្រះអង្គម្ចាស់​រាជទាយាទ នៃប្រទេសអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានប្រាប់លោក​ពីសំណើ​លម្អិតរបស់​សហរដ្ឋអាមេរិក។ ថ្លែងនៅក្នុងជំនួប​ប្រជុំមួយកាលពី​ថ្ងៃអាទិត្យ លោក Abbas បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «យើងនិយាយថា ទេចំពោះ​លោក ត្រាំ។ យើងនឹង មិនទទួលយក​ឡើងនូវរាល់​កិច្ចព្រមព្រៀង​ដែលផ្ដួចផ្ដើម​ឡើងដោយរូបលោក... ហើយយើង​ក៏នឹងមិនទទួល​ដែរថា សហរដ្ឋអាមេរិក​ជាអ្នកសម្របសម្រួល​កិច្ចចរចា​ជាមួយ អ៊ីស្រាអែល​តទៅទៀត»

គួរបញ្ជាក់ថា បើតាម​លោក Mahmoud Abbas ប៉ាឡេស្ទីននៅ​តែប្រកាន់ជំហរ​ដដែល ដោយបន្តដើរ​តាមដំណោះស្រាយ​ ស្ដីពីការបង្កើតរដ្ឋប៉ាឡេស្ទីន​កាលពី​ឆ្នាំ១៩៦៧ ដែលបាន​យក​ទីក្រុង​ហ្សេរុយសាឡឹម​ខាងកើត ​ជារដ្ឋធានី។ «ហ្សេរុយសាឡឹម គឺជារដ្ឋធានី​របស់យើង បើទោះជាពួក​គេចង់ ឬមិនចង់​ក៏ដោយ។ យើងនឹងនៅ​តែរស់​នៅទីនេះ ហើយនឹងមិនទៅ​រកកន្លែងផ្សេង​ឡើយ បើទោះជាអ៊ីស្រាអែលកំពុងត្រួតត្រា​ លើទឹកដីប៉ាឡេស្ទីន​ក៏ដោយ»។ នេះបើតាមលោក Abbas៕