(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង​បានឱ្យដឹងថា កិច្ចសន្ទនាកំរិត​ខ្ពស់​រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចាប់ផ្ដើមហើយ​នៅថ្ងៃចន្ទនេះ ដើម្បី​ពិភាក្សាគ្នា ជុំវិញការបញ្ជូន​ក្រុមសិល្បៈកូរ៉េខាងជើង ឱ្យទៅចូលរួម​ព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវរងារ រៀបចំឡើងនៅ​លើទឹកដីកូរ៉េខាងត្បូង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ ងារ​សារព័ត៌មានចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​ដ៏ខ្លីមួយ អ្នកនាំពាក្យ​ក្រសួងបង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង លោក បេក តែយ៉ុន (Baek Tae-hyun) បានគូស​បញ្ជាក់ថា កិច្ចសន្ទនា​កំរិតខ្ពស់រវាងកូរ៉េ ទាំងពីរ​បាននិងកំពុងដំណើរការ​ នៅឯអាគារ តុងហ្គីលហ្គេក (Tongilgak) គ្រប់គ្រងដោយ​កូរ៉េខាងជើង នៅឯភូម ផាន់ម៉ុនចុម (Panmunjom)។ លោក Baek បន្ថែមថា កិច្ច​សន្ទនានេះ បានចាប់ផ្ដើម​នៅ​ម៉ោង ១០៖១១​នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ដើម្បីពិភាក្សា​គ្នាស្ដីពី​ការបញ្ជូន ក្រុមសិល្បៈ​កូរ៉េខាងជើង​ ឱ្យទៅចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវរងារ
ឆ្នាំ២០១៨ រៀបចំឡើង​នៅក្នុងទីក្រុង ព្យុងចាង (PyeongChang) ប្រទេសកូរ៉េខាងត្បូង​ពីខែកុម្ភៈ រហូតដល់​ខែមីនា។

សូមជម្រាបថា បើតាម​លោក Baek Tae-hyun កូរ៉េខាងជើង​ត្រូវបានគេរំពឹងថា អាចនឹងផ្ដល់ចម្លើយ​ជុំវិញកិច្ចសន្ទនា​ នៅក្នុង​អំឡុងសប្ដាហ៍នេះតែម្តង ហើយកូរ៉េទាំងពីរ​បានផ្លាស់ ប្ដូរគោលជំហរ​គ្នាទៅវិញទៅមក​កាលពីចុងសប្ដាហ៍​មុខ តាមរយៈខ្សែទូរស័ព្ទ​បន្ទាន់ ​(Hotline) ដែលត្រូវបានដាក់ឲ្យដំណើរវិញ ក្រោយពីបានជាប់គាំងអស់ជិត ០២ឆ្នាំ ដោយសារស្ថានការណ៍តានតឹងខ្លាំង៕