(ឡុងដ៍)៖ មេដឹកនាំ​គណបក្សការងារអង់គ្លេស លោក ជែរ៉េមី ខ័រប៊ីន (Jeremy Corbyn) បានចាប់ផ្ដើម​ចោទសួរពីតម្លៃ ​នៃទំនាក់ទំនង​ពិសេសជាមួយ​សហរដ្ឋអាមេរិក ដោយកត់​សម្គាល់ថា បច្ចុប្បន្នទីក្រុង​វ៉ាស៊ីនតោន មិនមែនជា​សម្ព័ន្ធមិត្តដ៏សំខាន់​បំផុត សម្រាប់អង់គ្លេស​ទៀត​នោះទេ ខណៈលោកបានរិះគន់​យ៉ាងខ្លាំង​លើពាក្យសម្តី​ប្រមាថ​ឥតឈប់ឈរ​របស់ លោក ដូណាល់ ត្រាំ។ នេះបើតា​ម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។

សហរដ្ឋអាមេរិក និងអង់គ្លេស​មានទំនាក់ទំនង​ពិសេស ចាប់តាំងពីសម័យ​ដឹកនាំរបស់​អតីតនាយករដ្ឋមន្ត្រី​អង់គ្លេស លោ​ក វីនស្តុន ឈើឈីល (Winston Churchill) ពោលគឺនៅអំឡុងសង្រ្គាម​លោកលើកទី ២ មកម្ល៉េះ។ ជុំវិញទំនាក់​ទំនង​នេះដែរ នៅពេលត្រូវ​បានសាកសួរកាល​ពី​ថ្ងៃអាទិត្យ​ថា តើទំនាក់ទំនង​ជាមួយសហរដ្ឋអាមេរិក​ គឺមានសារៈ​សំខាន់​បំផុត សម្រាប់អង់គ្លេស​មែនទេ? លោក Jeremy Corbyn បានឆ្លើយ​យ៉ាំងដូច្នេះថា «ទេ! ខ្ញុំគិតថា​នៅមានទំនាក់ទំនង​សំខាន់ៗជា​ច្រើនទៀត ក្នុងនោះរួមមាន​ទាំងជាមួយ ចិន ឥណ្ឌា សហភាពអឺរ៉ុប និងបណ្ដាអង្គការ​អន្តរជាតិ​ជាដើម»

មេគណបក្ស​នយោបាយខាងលើ​បានបន្តថា «ម្យ៉ាងវិញ​ទៀត ខ្ញុំមិនប្រាកដ​នោះទេថា នរណាម្នាក់​ទទួលបាន​ជោគជ័យ ក្នុងការកំណត់​ទំនាក់ទំនង​ពិសេស... ប៉ុន្តែ បើសិនជា​ពួកគេ​ចង់បញ្ជាក់​ឡើងវិញថា អ្វីជាទំនាក់ទំនង​ពិសេស នោះវាមិនមែន​ជាទំនាក់ទំនង​ពិសេស​ឡើយ»។ យ៉ាងណាក៏ដោយ លោកនៅតែទទួលស្គាល់ដដែលថា ទីក្រុងវ៉ាស៊ីនតោន ពិតជាមានសារៈសំខាន់ផ្នែកទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ជាមួយអង់គ្លេស។

គួរបញ្ជាក់ថា ការលើកឡើង​របស់ លោក Jeremy Corbyn កើតមានឡើង​បន្ទាប់ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានលុបចោល​គំរោងធ្វើដំណើរ​ទៅកាន់​អង់គ្លេស ដើម្បីចូលរួមពិធី​សម្ពោធស្ថានទូត​អាមេរិកថ្មី ប្រចាំទីក្រុង​ឡុងដ៍ ដោយលោកថា មិនពេញចេញ​ចំពោះតម្លៃ និងទីតាំង​សាងសង់​ស្ថានទូតថ្មីនោះ ដែលត្រូវបានសម្រេចតាំងតែពីសម័យអតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា៕