(ម៉ូស្គូ)៖ បក្សកុម្មុនីសរុស្ស៊ីនៅថ្ងៃសុក្រនេះបានចុះឈ្មោះមហាសេដ្ឋី ដែលជាប្រធានកសិដ្ឋានម្នាក់វ័យ៥៧ឆ្នាំ ដើម្បីប្រកួតប្រជែងប្រធានាធិបតីកំពុងកាន់អំណាចលោក Vladimir Putin ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយសង្ឃឹមថា នឹងកែប្រែជោគវាសនារបស់ខ្លួន ក្នុងឱកាសបោះឆ្នោតអាណត្តិថ្មីនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។

ពាណិជ្ជករជនជាតិរុស្ស៊ី លោក Pavel Grudinin តំណាងបក្សកុម្មុយនីសរុស្ស៊ីរូបនេះ បានបង្ហាញពីឯកសារអត្តសញ្ញាណរបស់លោក បន្ទាប់ពីការចុះឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅការិយាល័យគណកម្មាធិការបោះឆ្នោតមជ្ឈឹមក្នុងទីក្រុង ម៉ូស្គូ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ។

ដោយឡែក គណៈកម្មាធិការបោះឆ្នោតមជ្ឈឹមរុស្ស៊ី កាលពីថ្ងៃសុក្រនេះ ក៏បានបញ្ជាក់ផងដែរថា ខ្លួនបានចុះឈ្មោះរបស់លោក Pavel Grudinin ដែលបានឈរឈ្មោះក្នុងនាមជាពាណិកររុស្ស៊ី ដើម្បីធ្វើជាបេក្ខជន ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីការសម្រេចចិត្តដែលមិននឹកស្មានដល់របស់បក្សកុម្មុនីសដែលបានបដិសេធមិនឈរឈ្មោះលោក Gennady Zyuganov វ័យ៧៣ឆ្នាំធ្វើជាបេក្ខជនប្រធានាធិបតីនាពេលថ្មីៗកន្លងទៅនេះ៕