(វ៉ាស៊ីនតោន)៖ លោក ដូណាល់ត្រាំ បានពិនិត្យស្ថានភាពសុខភាពរបស់ខ្លួនក្នុងនាមជាប្រធានាធិបតីជាលើកដំបូង នាថ្ងៃសុក្រនេះ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីមានការទាមទារឱ្យពិនិត្យតាមដានក្នុងនាមបុគ្គលម្នាក់ដែលកាន់ដំណែងជាប្រធានាធិបតិអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ។

លោកប្រធានាធិបតី ដូណាល់ត្រាំ ដែលតែងតែបង្ហាញក្តីខឹងសម្បាជាសាធារណៈ តែបានលើកឡើងដោយស្នាមញញឹម​ប្រាប់អ្នកសារព័ត៌មាន​កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ  “ការពិនិត្យរាងកាយរបស់លោកនឹងផ្តល់លទ្ធផលល្អប្រសើរ មិនដូច្នោះទេទីផ្សារភាគហ៊ុន​នឹងមិនសប្បាយ​ចិត្តនោះទេ”។

សេតវិមាននឹងធ្វើការត្រួតពិនិត្យលទ្ធផលដែលនឹងបង្ហាញបន្ទាប់ពីការពិនិត្យសុខភាព ដែលនឹងត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌល​សុខភាព​យោធាជាតិ Walter Reed។  លោក ត្រាំ មិនត្រូវបានបង្ខិតបង្ខំឱ្យបង្ហាញព័ត៌មានណាមួយឡើយដោយខ្លួនឯងឡើយ យ៉ាងនេះក្តីសេត​វិមានបានបញ្ជាក់ថា  អ្នកថែរក្សាសុខភាពរបស់ប្រធានាធិបតី គឺលោក Ronny Jackson នឹងធ្វើសេចក្តីថ្លែងការណ៍អំពី​លទ្ធផលនៃសុខភាព​នៅថ្ងៃសុក្រនេះ៕