(ម៉ូស្គូ)៖ រុស្ស៊ីអះអាងថា រាល់ការដាក់កំហិត​លើការដឹកជញ្ជូន​​ជំនួយមនុស្សធម៌ ទៅកាន់​ជំរុំជនភៀសខ្លួន Rukban ស្ថិតនៅ​ក្នុងតំបន់ Al-Tanf ប្រទេសស៊ីរី ដែលកំពុងស្ថិត​ក្រោមការគ្រប់​គ្រងរបស់​កងទ័ព​អាមេរិក ត្រូវតែដកចេញ​ជាបន្ទាន់។ ជំរុំជន​ភៀសខ្លួន Rukban ស្ថិតនៅចំងាយ ៥៥គីឡូម៉ែត្រ ពីបរិវេណតំបន់ Al-Tanf។ នេះបើតាមក្រសួងការបរទេស រុស្ស៊ីដកស្រង់ដោយ​សារព័ត៌មាន Russian Today​ នៅល្ងាចថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។​

ក្រសួងការបរទេស​រុស្ស៊ី នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន ចេញផ្សាយកាលពី​ថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពី​ជំហរយ៉ាងមុតមំា ពីភាពចាំបាច់​នៃការគោរពដែន​អធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាព​របស់ស៊ីរី តាមរយៈ​ការអនុវត្តន៍​ការប្រគល់ជំនួយ​មនុស្សធម៌ និងគោរពច្បាប់​មនុស្សធម៌​អន្តរជាតិ នៅក្នុងបរិបទ​ដែលការ​បណ្ដុះបណ្ដាល កងកម្លាំងប្រដាប់​អាវុធខុសច្បាប់​ស៊ីរី ក្នុងតំបន់គ្រប់គ្រង​ដោយ​សហរដ្ឋអាមេរិក នៅតែបន្ត​កើតមាន។

«យើងស្នើឱ្យមាន​ការដកចេញ​ជាបន្ទាន់ នូវរាល់ការដាក់កំហិត​លើការ​ដឹកជញ្ជូនជំនួយ​មនុស្សធម៌​រួមមាន​ម្ហូបអាហារ និងថ្នាំពេទ្យ​ចូលទៅតំបន់ Al-Tanf ព្រមទាំងបង្កើន​តម្លាភាព នៃការធ្វើ​សកម្មភាព​មនុស្សធម៌»។ នេះជាការ​គូសបញ្ជាក់​របស់ ក្រសួង​ការបរទេស​រុស្ស៊ី ដោយបន្ថែមទៀត​ថា ប្រជាជនស៊ីរី​ប្រមាណជា ៦០,០០០នាក់ ក្នុងជំរុំ​ជនភៀសខ្លួន Rukban កំពុងរស់​នៅក្នុងក្រោម​ស្ថានភាព​ដ៏អាក្រក់ ទាំងខ្វះខាត​ស្បៀងអាហារ ទឹកស្អាត​បរិភោគ និង​ថ្នាំពេទ្យ។

គួររំលឹកឡើងវិញថា កាលពីប៉ុន្មាន​សប្ដាហ៍មុន ក្រសួងការពារជាតិ​រុស្ស៊ី​បានចោទប្រកាន់​សហរដ្ឋអាមេរិក​ត្រង់ៗថា បានប្រើប្រាស់​តំបន់ Al-Tanf ជាកន្លែង​បណ្ដុះបណ្ដាល កងកម្លាំងប្រដាប់​អាវុធ​ខុសច្បាប់ ក្នុងនោះរួមមាន​ទាំងពួក ISIS តែទីក្រុង​វ៉ាស៊ីនតោន​បានបដិសេធ។ ជាងនេះទៅទៀត ក្រសួងការពារជាតិ​រុស្ស៊ី​ក៏បានអះអាង​ដែរថា ការវាយប្រហារ​លើកងកម្លាំង​រដ្ឋាភិបាលស៊ីរី មានប្រភពដើម​ពី​តំបន់មួយនេះ រីឯកងទ័ព​អាមេរិក ក៏ធ្លាប់វាយប្រហារ​លើកងទ័ព​ស៊ីរី នៅខាងក្រៅ​តំបន់ដែលខ្លួន​គ្រប់គ្រង​មួយនេះ​ផងដែរ ដោយសំអាងថា កងទ័ពស៊ីរីគំរាមកំហែងដល់​យោធា​អាមេរិក៕ ​​