(តូក្យូ)៖ មនុស្សជាង ៤០០នាក់ បានជាប់គាំង​នៅលើរថភ្លើង​មួយខ្សែ​ក្នុងប្រទេសជប៉ុន អស់ជាង ១០ម៉ោង ខណៈដែល​ព្យុះ​ព្រិល​​បាន​គ្រប​ដណ្តប់​​ ទូទាំង​បណ្តោយឆ្នេរភាគលិចប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។

បន្ទាប់ពីជាប់គាំង​តាំងពីយប់ម្សិលមិញ​មក ពោលគឺរយៈពេល ១៥ម៉ោងកន្លះ និងក្រោយពីត្រូវបាន​បង្ខំឲ្យឈប់​ ដោយសារតែលក្ខខណ្ឌ​​អាកាសធាតុយ៉ាប់យឺនខ្លាំងនោះ ​ទីបំផុតរថភ្លើង​ខាងលើ ក៏អាចចាប់ផ្តើមបន្ត​ធ្វើដំណើរទៅមុខទៀតបាន​នាម៉ោង ​១០៖៣០​ទីព្រឹក​ថ្ងៃ​សុក្រ​នេះ (ពេលវេលានៅជប៉ុន)។

គួរជម្រាបថា ស្ថានភាពព្រិលធ្លាក់យ៉ាងខ្លាំងក្លា​ជាងធម្មតាដល់ទៅ ១០ដង បានបង្កការរំខាន​ជាខ្លាំង​ដល់មធ្យោបាយដឹកជញ្ជូន នៅ​ភាគខាងលិច​ក៏ដូចជាភាគខាងជើង​ប្រទេសជប៉ុន៕