(ម៉ូស្គូ)៖ ម្ចាស់ភាគហ៊ុនដ៏ធំមួយ នៃក្រុមហ៊ុនបច្ចេក​វិទ្យាយក្ស Apple គឺមហាសេដ្ឋី Warren Buffett បាន​និយាយថា លោកនៅតែចូល​ចិត្ត​ទូរស័ព្ទបត់​ស៊េរីចាស់របស់​ក្រុមហ៊ុន Samsung ជាងជា iPhone។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។

ពាណិជ្ជករអាមេរិក​វ័យ ៨៧ឆ្នាំ​រូបនេះ ដែលត្រូវមនុស្ស​ភាគច្រើនចាត់​ទុកថា ជា​វិនិយោគិន​​ដ៏ជោគជ័យ​ម្នាក់ នៅលើ​ពិភពលោក​​នោះ​បានអះអាងថា រូបលោក​ពុំមាន​បំណងចង់ផ្លាស់ប្តូរ​ទូរស័ព្ទដៃ Samsung បត់ស៊េរីចាស់របស់លោក ជាមួយស្មាត​ហ្វូនឡើយ។ ទោះ​បី​ជា​លោក​ ស្ថិតក្នុងចំណោម​ម្ចាស់ភាគហ៊ុនកំពូល​ទាំង ៥ របស់ Apple ពោលគឺ​ដល់ទៅ ២៣ពាន់​លាន​ដុល្លារ ក៏ដោយ លោក Buffett បានបង្ហើប​ឲ្យដឹង​ដូច្នេះថា លោកមិន​បណ្តោយខ្លួន​ឲ្យឈ្លក់វង្វេង​នឹងកាតថ្ងៃបុណ្យ​គ្រីស្មាក់​​របស់​នាយក​ប្រតិបត្តិ​​នៃ Apple គឺលោក Tim Cook ឡើយ​ដែលជារៀង​រាល់ឆ្នាំ លោក Cook តែងព្យាយាម​បញ្ចុះបញ្ចូល​ លោក Buffet ឲ្យទិញ iPhone។

ទោះបីលោក Tim Cook មានការតាំងចិត្តខ្លាំង ដើម្បីធ្វើឲ្យរូបលោកក្លាយ​ជាម្ចាស់ទូរស័ព្ទ iPhone ដ៏រីករាយម្នាក់យ៉ាង​ណាក្តី លោក Buffett បានបញ្ជាក់ថា វាទំនងជាពុំអាច​ទៅរួចឡើយ​ ដែល​លោកនឹងងាកទៅប្រើប្រាស់ស្មាតហ្វូន ដោយសារតែរូបលោក​មានភាព​ស្កប់ស្កល់​មិនចង់ហ៊ឺហាអ្វីឡើយ ជាមួយនិងទូរស័ព្ទបត់​ដ៏ចំណាស់​របស់លោក។

គួរជម្រាបថា លោក Buffett ពុំមែនជាមនុស្ស​តែម្នាក់លើលោក ដែលមិនរងឥទ្ធិពល​ពីចំណង់​ប្រើប្រាស់ iPhone ដោយកាលពី​ឆ្នាំ​២០១៦ ទូរស័ព្ទបត់​ស៊េរីចាស់ៗប្រមាណ ៥១០លានគ្រឿង បានធ្វើចរាចរណ៍​ជុំវិញ​ពិភពលោក ហើយតារា​ហូលីវូដល្បីៗ ក៏ត្រូវគេ​ប្រទះឃើញ​នៅបន្តប្រើប្រាស់​ទូរស័ព្ទប្រភេទ​នេះផងដែរ៕