(សេអ៊ូល)៖ កម្រិតប្រជាប្រិយភាព​របស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានហក់ឡើង​ភ្លែតនា​សប្តាហ៍នេះ ​បន្ទាប់ពី​​​កិច្ចពិភាក្សា​ជាន់ខ្ពស់ជាមួយប្រទេស​កូរ៉េខាងជើង បានកើតមាន​ឡើងវិញ​ក្រោយពេលជិត០២ឆ្នាំ ដែលវាគឺជាក្តី​សង្ឃឹមក្នុង​ការបន្ធូរ​បន្ថយ​ភាពតានតឹង​រវាងចំណងទាក់​ទង​អន្តរកូរ៉េ។ នេះបើ​តាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​សុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។

យោងតាម​ការស្ទង់មតិ Gallup Korea ដែលចេញ​ផ្សាយនា​ថ្ងៃសុក្រនេះ កម្រិតគាំទ្រ​ទៅលើ​លោក មូន បានកើនឡើង​ដល់ ៧៣ភាគ​រយ។ ការទទួលបាន​កម្រិតគាំទ្រខ្លាំង​ជាងមុនបែបនេះ សម្រាប់​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បានកើតមាន​បន្ទាប់ពីទីក្រុង​សេអ៊ូល និងទីក្រុង​ព្យុងយ៉ាង បានបើកកិច្ច​ពិភាក្សាជាន់ខ្ពស់​ជាលើកដំបូង ក្នុងរយៈពេលប្រមាណ ០២ឆ្នាំ​កន្លងទៅ​ កាលពីថ្ងៃអង្គារ​​សប្តាហ៍​នេះ ហើយថែម​ទាំងបាន​ព្រមព្រៀងគ្នា រៀបចំកិច្ចសន្ទនា​​ដាច់ដោយ​ឡែកមួយ​ផ្សេងទៀត ដើម្បីកាត់បន្ថយ​​ភាព​តាន​តឹង​​ផ្នែក​យោ​ធា នៅឧបទ្វីប​កូរ៉េទៀតផង។

គួរជម្រាបថា នាឱកាសនោះ ក្រុមមន្រ្តីតំណាង​កូរ៉េខាងជើង ក៏បានយល់ព្រម​បញ្ជូនគណៈប្រតិភូ​ជាន់ខ្ពស់ រួមនឹងក្រុម​អត្តពលិក ឲ្យមកចូលរួម​​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងារ ដែលមានកូរ៉េខាងត្បូង​ជាម្ចាស់ផ្ទះ ចាប់ពីខែកុម្ភៈដល់​ខែមីនា​ផងដែរ៕