(ក្រិក)៖ អាជ្ញាធរក្រិកបានធ្វើការរឹបអូស នាវា​ដឹក​ទំនិញមួយគ្រឿង ​មានដោតទង់ជាតិ​តង់​ហ្សា​នី ​ដែលធ្វើ​ដំណើរឆ្ពោះ​ទៅ​ប្រទេស​លីប៊ី និងដឹកជញ្ជូនវត្ថុធាតុដើមផ្សេងៗ ប្រើដើម្បីបង្កើតគ្រឿងផ្ទុះ ហើយវាទំនង​ជា​បាន​ទទួលផ្ទុករបស់ទាំងនោះ ពីកំពង់ផែ Mersin និង İskenderun នៃប្រទេសតួកគី។ នេះបើតាមការ​ឲ្យដឹងពី កងល្បាតដែនសមុទ្រក្រិក ដកស្រង់ដោយវែបសាយ Stockholmcf.​com នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។

យោងតាមរបាយការណ៍មួយពីទីភ្នាក់ងារព័ត៌មាន Reuter បានឱ្យដឹងថា នាវានេះត្រូវបានគេប្រទះឃើញ នៅក្បែរកោះ Crete របស់​ក្រិក​កាលពីថ្ងៃសៅរ៍​សប្តាហ៍មុន។ អាជ្ញាធរក្រិក បានរកឃើញកុងតឺន័រចំនួន២៩ ដែលផ្ទុកនូវវត្ថុធាតុដើមរួមមាន សារធាតុ​អាម៉ូ​នី​យូ​នីត្រាត (Ammonium Nitrate), គ្រាប់រំសេវ, និងធុងប្រេងទទេចំនួន ១១ធុង។

លោកឧត្តមនាវីទោ Ioannis Argiriou បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «សម្ភារៈទាំងនោះ គឺត្រូវគេដឹកឆ្ពោះទៅកាន់ប្រទេសលីប៊ី» ។ លោកឧត្តមនាវីទោ បានបន្ថែមទៀតថា «វត្ថុធាតុទាំងនេះ អាចប្រើសម្រាប់​ការងារ​គ្រប់​ប្រភេទ​ រួមមានតាំង​ពី កន្លែងឃួងយក​​ថ្ម​រហូតដល់ការផលិត​គ្រាប់បែក និងសកម្មភាពភេរវកម្មផ្សេងៗ»

សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ បានដាក់បំរាមលើការលក់ ការផ្គត់ផ្គង់ ឬការផ្ទេរអាវុធនានា ទៅ​ឱ្យ​​លី​ប៊ី​ចាប់តាំងពីឆ្នាំ ២០១១មក។ បើតាមវិក័យប័ត្ររបស់នាវានេះ ទំនិញទាំងប៉ុន្មាន ត្រូវបានដឹកជញ្ជូនឡើងលើ កប៉ាលនៅក្នុងកំពង់ផែ Mersin និង İskenderum នៃតួកគី មានគោលដៅឆ្ពោះទៅប្រទេសឌីជីប៊ូទី (Djibouti) និងអូម៉ង់ (Oman) ប៉ុន្តែការស៊ើបអង្កេតបឋម​​របស់​អាជ្ញាធរក្រិក បានបង្ហាញថា ម្ចាស់របស់នាវានេះ បានបង្គាប់ឲ្យ​ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Misrata របស់លីប៊ី ហើយធ្លាក់ឥវ៉ាន់ទាំងអស់ចុះនៅទីនោះ​។

គួរជម្រាបថា ក៏មានករណីផ្សេងៗទៀតជាច្រើន ដែលប្រទេសតួកគី បានលូកដៃចូលដូចជា នៅខែមករាឆ្នាំ ២០១៤ រថយន្ដមួយចំនួនដែលត្រូវបានរកឃើញថាជាកម្មសិទ្ធិរបស់ភ្នាក់ងារ​ចារកម្មជាតិ ត្រូវបានបញ្ឈប់ដោយឧត្តមសេនីយ៍តួកគី នៅក្នុងឧប្បដិហេតុដាច់ដោយឡែកពីគ្នា​ចំនួនពីរលើកទៀត នៅក្នុងខេត្តហាតៃ និងអាដាណា ស្ថិតនៅ ភាគខាងត្បូង​នៃប្រទេស បន្ទាប់ពីរដ្ឋអាជ្ញាតួកគី ទទួលបានព័ត៌មានថាពួកគេកំពុងដឹកអាវុធទៅប្រទេសស៊ីរី។

ដោយឡែក បើតាមរបាយការណ៍មួយ របស់សារព័ត៌មាន Cumhuriyet កាលពីខែឧសភាឆ្នាំ ២០១៥ រថយន្តទាំងនោះ ត្រូវបានចោទប្រកាន់ថាជាកម្មសិទ្ធិរបស់ភ្នាក់ងារចារកម្មជាតិ (MI​T) និងត្រូវគេរកឃើញថាមានផ្ទុកអាវុធ និង​គ្រាប់រំសេវទៅកាន់ប្រទេសស៊ីរី នៅពេលត្រូវឃាត់ទុក និងរុករកនៅភាគខាងត្បូង​ប្រទេសតួកគី នៅដើមឆ្នាំ២០១៤៕