(កាប៊ុល)៖ ចិនបានប្រកាស​ជួយឧបត្ថម្ភថវិកា​ទាំងស្រុង ដល់អាហ្វហ្គានីស្ថាន​ទៅលើការ​សាងសង់​ ក៏ដូចជាការបំពាក់​បរិក្ខាផ្សេងៗ នៃមូលដ្ឋានទ័ព​ថ្មី​មួយ​កន្លែង ស្ថិតនៅភាគខាងជើង​ប្រទេស ប៉ុន្តែការឈរ​ជើងកម្លាំងទ័ព​វិញនោះ គឺជាបន្ទុករបស់​ទីក្រុងកាប៊ុល​។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។

លោក ដរឡាត វ៉ាហ្ស៊ឺរី (Dawlat Waziri) អ្នកនាំពាក្យក្រសួង​ការពារជាតិ​​អាហ្វហ្គានីស្ថាន បានឲ្យដឹងថា រដ្ឋាភិបាល​ប៉េកាំង​​កំពុងផ្តល់ថវិកា​ ឧបត្ថម្ភ​ដល់​ការសាងសង់​បន្ទាយយោធា​មួយកន្លែង​ក្នុងខេត្ត បាដាកសាន (Badakhshan) ភាគឦសាន ដែលនៅជាប់ព្រំដែន​ប្រវែង ៧៥គីឡូម៉ែត្រ ​ជាមួយ​​ប្រទេស​ចិន។ លោក Waziri នឹងទទួលបន្ទុក​លើការចំណាយ​ទាំងអស់ សម្រាប់សម្ភារៈ​ និងសេវាបច្ចេកទេស​ផ្សេងៗ រួមមានសព្វាវុធ ឯកសណ្ឋាន បរិក្ខាយោធា ប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធ រួមនិងអ្វីៗជផ្សេងៗ​ទៀត។

ការសម្រេចស្តីពី​ការសាងសង់មូលដ្ឋានទ័ពនេះ ត្រូវបានធ្វើឡើងនៅ​អំឡុងជំនួប​ពិភាក្សារវាង ប្រមុខការពារជាតិ​អាហ្វហ្គានីស្ថាន លោក តារីក ហ្សាហ៍ បាហ៍រ៉ាមី (Tariq Shah Bahrami) និងសមភាគីចិន លោក ចាង វ៉ាន់ក្វាន់ (Chang Wanquan) កាលពីខែធ្នូ​កន្លងទៅ។

យ៉ាងណាមិញ ទង្វើខាងលើ​ពុំមែនកើតចេញពី​សន្តានចិត្ត​ ដ៏ល្អរបស់ចិន​ទាំងស្រុងនោះ​ឡើយ។ បច្ចុប្បន្ន​ខេត្ត បាដាក់សាន (Badakhshan) កាន់​តែប្រែក្លាយ​ទៅជាទីជម្រក​នៃក្រុម​សកម្ម​ប្រយុទ្ធ អ៊ុយហ្គ័រ (Uighur) ដែលបានប្រើប្រាស់​ច្រកផ្លូវ វ៉ាកហ្ស៊ឺ (Wakhjir) ដែលជាច្រកផ្លូ​វឆ្លងកាត់តែ​មួយគត់​ រវាងអាហ្វហ្គានីស្ថាន និងចិន ចល័តទៅ​មក​រវាងខេត្ត Badakhshan និងខេត្ត ស៊ីជាំង (Xinjiang) របស់ចិន។

បើតាមប្រភព​ពីមន្រ្តីយោធាអាហ្វហ្គានីស្ថាន ចិនមានក្តី​កង្វល់ថា ក្រុមជនជាតិ​ភាគតិចចិន Uighur ដែលស្ថិតក្នុង​ចំណោមពួកភេរវ​ករ​នោះ អាចឆ្លងចូលក្នុងទឹកដី​ចិន តាមប្រទេស​អាហ្វហ្គានីស្ថាន ហើយបង្ក​ការឈឺក្បាល​ដល់អាជ្ញាធរចិន៕