(មីយ៉ាន់ម៉ា)៖ យោធាមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បានទទួលស្គាល់ថាកងកម្លាំងសន្តិសុខរបស់ខ្លួន​និងអ្នកភូមិមួយចំនួនបានសម្លាប់​ជនជាតិរ៉ូហ៊ីងយ៉ា១០នាក់ ដែលសាកសព របស់ពួកគេត្រូវបានគេរកឃើញនៅក្នុងរណ្ដៅសាកសពដ៏ធំមួយនៅក្នុងរដ្ឋ Rakhine​។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។

យោងតាមសេចក្ដីថ្លែងការណ៍នៅលើទំព័រ Facebook​ នៃការិយាល័យប្រមុខកងទ័ពមីយ៉ាន់ម៉ា សាកសពជនជាតិរ៉ូហ៊ីងយ៉ា ដែលគេបានរកឃើញនៅក្នុងរណ្ដៅដ៏ធំមួយ កាលពីពេលថ្មីៗនេះ បានគំរាមកំហែងដល់អ្នកភូមិដទៃ ទើបពួកគេត្រូវគេសម្លាប់ជាការសងសឹក។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ បានហៅការបង្រ្កាបរបស់យោធាមីយ៉ាន់ម៉ា លើសហគមន៍រ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា ថាជាការបោសសំអាតជាតិសាសន៍ ខណៈមនុស្ស ៦៥០,០០០នាក់ បានរត់ភៀសខ្លនទៅកាន់ប្រទេសបង់ក្លាដែស និងរាប់រយនាក់បានបាត់បង់ជីវិតនៅក្នុងអំពើហិង្សាផ្ទុះឡើងដំបូងកាលពីខែសីហា ឆ្នាំ២០១៧មក៕