(មីយ៉ាន់ម៉ា)៖ សហភាពអឺរ៉ុបបានអំពាវនាវឱ្យអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងអ្នកយកសារព័ត៌មាន Reuters ពីរនាក់ បន្ទាប់ពីតុលាការក្នុងទីក្រុងយ៉ាងហ្គន បើកសវនាការ ជំនុំជម្រះលើសំណុំរឿងអ្នកទាំងពីរនៅថ្ងៃពុធនេះ ស្របពេលក្រុមរដ្ឋអាជ្ញាកំពុងស្វែងការចោទប្រកាន់ប្រឆាំងពួកគេពីបទរំលោភលើច្បាប់រក្សាការសំងាត់ជាតិ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍រួម សហភាពអឺរ៉ុប បាននិយាយថា សំណុំរឿងរបស់លោក Wa Lone និង លោក Kyaw Soe Oo គឺមានសារៈសំខាន់បំផុតក្នុងការធ្វើតេស្ដ ចំពោះការប្ដេជ្ញាចិត្តអភិវឌ្ឍលិទ្ធិប្រជាធិបតេយ្យរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្ន។ «ក្រោយទទួលបានដំណឹងពីការចោទប្រកាន់ ក្រោមច្បាប់រក្សាការសំងាត់ជាតិ ឆ្នាំ១៩២៣ យើងនៅតែបន្តរំពឹងថាអាជ្ញាធរមីយ៉ាន់ម៉ា នឹងធានាយ៉ាងពេញលេញនូវកិច្ចការពារសិទ្ធិរបស់អ្នកសារព័ត៌មាន និងដោះលែងពួកគេឱ្យបានឆាប់រហ័សតាមដែល អាចធ្វើទៅបាន»។ នេះបើតាមអ្នកនាំពាក្យសហភាពអឺរ៉ុប។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា៖«សហភាពអឺរ៉ុបចាត់ទុកថាការដោះលែងអ្នកសារព័ត៌មាន Reuters ទាំងពីររូបគឺជាការធ្វើតេស្ដយ៉ាងសំខាន់សម្រាប់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការប្ដេជ្ញាចិត្តគោរពសេរីភាពសារព័ត៌មាន ភាពឯករាជ្យនៃប្រព័ន្ធតុលាការ និងការអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យ»។

គួរបញ្ជាក់ថា លោក Wa Lone និងលោក Kyaw Soe Oo ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនកាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដោយចោទថាពួកគេកាន់កាប់ផែនទីយោធាមីយ៉ាន់ម៉ាដោយខុសច្បាប់។ អ្នកសារព័ត៌មានទាំងពីរនាក់នេះ​បម្រើការងារឱ្យទីភ្នាក់ងារ​សារព័ត៌មាន Reuters ពាក់ព័ន្ធនឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhine ហើយបើសិនជាគេរកឃើញកំហុសមែន នោះពួកគេអាចនឹងប្រឈមមុខជាប់ពន្ធនាគារ ១៤ឆ្នាំ៕