(ពិភពលោក)៖ នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅទីបំផុតរដ្ឋាភិបាលម៉ាឡេស៊ី នៅថ្ងៃពុធនេះ បានសម្រេចចិត្តអនុញ្ញាតជាផ្លូវការឱ្យក្រុមហ៊ុនឯកទេសរុករកមួយរបស់សហរដ្ឋអាមេរិក ដំណើរការឡើងវិញនូវ «ប្រតិបត្តិការស្វែងរកយន្ដហោះបាត់ខ្លួន MH370 នៃក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines» ហើយដែលនេះអាចជាការព្យាយាមលើកចុងក្រោយ ក្នុងការបក ស្រាយអាថ៌កំបាំងដ៏ធំមួយនេះ ក្នុងវិស័យអាកាសចរណ៍៕

២៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោកស្រី ណឺម៉ាឡា ស៊ីថារ៉ាម៉ាន់ (Nirmala Sitharaman) បាននិយាយថា កងទ័ពជើងទឹកឥណ្ឌាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពារ ដែនសមុទ្ររបស់ខ្លួន បើទោះជាមាននាវាផ្ទុកយន្ដហោះចម្បាំងតិចជាងពីរគ្រឿង ដែលប្រមុខកងទ័ពជើងទឹកឥណ្ឌាថា ត្រូវការជាចាំបាច់ក៏ដោយ៕

៣៖ គ្រោះរញ្ជួយដីកម្រិតដ៏ធ្ងន់ធ្ងរមួយគឺដល់ទៅ ៧.៨រ៉ិចទ័រ ដែលបានវាយប្រហារដែនសមុទ្រភាគខាងជើង នៃប្រទេសហុងឌូរ៉ាស់ នៅក្នុងផ្ទៃសមុទ្រការីបៀន នៃតំបន់អាមេរិកកណ្តាល មិនបានបង្កជារលកយក្សស៊ូណាមិ និងមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕

៤៖ ក្រសួងការបរទេសអាមេរិកបានប្រកាសឲ្យដឹងថា ខ្លួនបានបញ្ជូនសេចក្តីព្រាងមួយទៅកាន់សភាហើយ ដើម្បីធ្វើការសម្រេចជាចុងក្រោយស្តីពីការយល់ព្រមលក់គ្រាប់ មីស៊ីលដែលអាចបាញ់ទម្លាក់មីស៊ីលផ្លោង ទៅឲ្យសម្ព័ន្ធមិត្តជប៉ុន ស្ថិតនៅក្នុងន័យបង្កើនកិច្ចការពារសន្តិសុខប្រទេសនេះពីការគំរាមកំហែងនានាលើសន្តិសុខ ដែនអាកាស៕

៥៖ ខណៈចិនគ្រោងចាប់ផ្តើមកម្មវិធីរុករកនៅឋានព្រះច័ន្ទ ដែលត្រូវគេរំពឹងថា នឹងចាប់ផ្តើមជាមួយការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Long March 5 នាខែមិថុនាខាងមុខនេះ៕

៦៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្ស ១៣នាក់ បានស្លាប់នៅក្នុងគ្រោះរអិលបាក់ដី នាំមកជាមួយនូវល្បាប់ភក់បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនារយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ៕