(សេអ៊ូល)៖ ស្របពេលស្ថានការណ៍​ នៅលើឧបទ្វីបកូរ៉េ​ធូរស្រាលឡើងវិញ​ កូរ៉េខាងត្បូង​ត្រូវបានគេមើល​ឃើញថា ហាក់ដូចជា​កំពុងលេងល្បែង​ជើងមួយ​ជាន់ទូកពីរ ដោយម្ខាង​ចង់ត្រូវរ៉ូវគ្នា​ជាមួយ​កូរ៉េខាងជើង រីម្ខាងទៀតចង់រក្សាសម្ព័ន្ធភាព​ដ៏រឹងមាំ នឹង​សហរដ្ឋអាមេរិក។ ជាក់ស្ដែង​នៅ​ថ្ងៃពុធនេះ រដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងត្បូង​បាន​អះអាងថា ទីក្រុងសេអ៊ូល​នឹងរក្សាសម្ព័ន្ធ​ភាព ជាមួយទីក្រុង​វ៉ាស៊ីនតោន បើទោះ​ជាទើបតែ​បានជួបចរចា​នឹងទីក្រុងព្យុងយ៉ាង​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅល្ងាចថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងត្បូង លោក Song Young-moo ថ្លែង​បែបនេះ​នៅក្នុងជំនួបជាមួយលេខាធិការ​កងទ័ព​អាមេរិក លោក Mark T. Esper ដែលជា​ជំនួប​លើក​ដំបូងចាប់​តាំង លោក Esper ឡើងកាន់តំណែង​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧។ ដោយឡែក បើតាមក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង អ្នកទាំងពីរបាន​ពិភាក្សាលើ​ការរៀបចំ ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវងារក្នុង​ទីក្រុង Pyeong Chang ប្រទេស​កូរ៉េខាងត្បូង ព្រមទាំងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងកូរ៉េខាងជើង និងការធ្វើបង្កើនសមត្ថភាព យោធានៃប្រទេសទាំងពីរផងដែរ។

ជាងនេះទៅទៀត លោក Song បានប្រាប់លោក Esper ថាសម្ព័ន្ធភាព​អាមេរិក-​កូរ៉េខាងត្បូង​បច្ចុប្បន្ន មានភាពរឹងមាំលើស​ពេលណា ទាំងអស់ហើយប្រទេស​ទាំងពីរកំពុង​ធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បី​លុបបំបាត់​អាវុធនុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ និងសន្តិភាព រួមទាំងការរីកចំរើន​នៅក្នុងតំបន់​អាស៊ីភាគ​ឦសាន។

គួរបញ្ជាក់ថា បើតាមក្រុម​មន្ត្រីអាមេរិក សហគមន៍អន្តរជាតិ​ចាំបាច់ត្រូវបន្ត​ដាក់សម្ពាធ និងទណ្ឌកម្មលើ​កូរ៉េខាងជើង រហូតដល់របបដឹកនាំ​កុម្មុយនីស្ដ​មួយនេះយល់ព្រម ចូលរួមក្នុងកិច្ចចរចាស្ដីពីការលុបបំបាត់ អាវុធនុយក្លេអ៊ែរ​ដោយ​ស្មោះត្រង់៕