(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង និងរដ្ឋាភិបាលកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានព្រមព្រៀងគ្នាក្នុងការធ្វើកិច្ចពិភាក្សាយោធាដាច់ដោយឡែកមួយ បន្ទាប់ពីមានកិច្ចពិភាក្សាកម្រិតខ្ពស់​ ដែលបានធ្វើឡើងនៅក្នុងភូមិ Panmunjom ដែលជាតំបន់គ្មានកងទ័ព រវាងប្រទេសទាំងពីរ, នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួ បានចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ។

ក្រៅពីការយល់ព្រម​បញ្ជូនប្រតិភូ​ជាន់ខ្ពស់ និងអត្តពលិក ដើម្បីមកចូល​រួមកីឡាអូឡាំពិក​រដូវរងារ​ឆ្នាំ២០១៨ ​មន្រ្តីតំណាង​ទីក្រុងព្យុងយ៉ាង ក៏បានព្រមព្រៀង​ឲ្យមានការបើកឲ្យ​ប្រើប្រាស់ឡើងវិញ​ផងដែរចាប់ពីថ្ងៃពុធនេះ នូវខ្សែទូរស័ព្ទ​បន្ទាន់ (Hotline) ផ្នែកយោធា​រវាង​​កូរ៉េ​ខាងជើង និងកូរ៉េខាងត្បូង ​ក្រោយពីវាត្រូវបានបិទ​ក្នុងអំឡុងពេល​ជិតពីរឆ្នាំមកហើយ ក៏ព្រោះតែទំនាក់ទំនង​នៃប្រទេស​ទាំងពីរ​បានធ្លាក់ចុះដុន​ដាបខ្លាំង។ នេះបើតាម​ការអះអាង​ពីមន្រ្តីរដ្ឋាភិបាល​កូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មាន យុនហ៉ាប់ នៅរសៀល​ថ្ងៃអង្គារ ទី០៩ ខែ​មករា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងកិច្ចពិភាក្សាផ្នែកយោធា រវាងប្រទេសកូរ៉េទាំងពីរ, ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ មិនបានចេញផ្សាយពីលទ្ធផល នៃកិច្ចពិភាក្សានេះនោះទេ៕