(ប៉ូឡូញ)៖ ប្រធានាធិបតីប្រទេសប៉ូឡូញ លោក Andrzej Duda នៅថ្ងៃអង្គារនេះ បានបណ្តេញរដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងការបរទេសចេញពីតំណែង ស្របទៅតាមសំណើរ របស់លោកនាយករដ្ឋមន្ត្រី Mateusz Morawiecki, នេះបើយោងតាមទីភ្នាក់ងារសារព័តមានស៊ិនហួ ចេញផ្សាយឲ្យដឹងនៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ។

ការបណ្តេញក្រុមរដ្ឋមន្ត្រីចេញពីតំណែងនេះ ត្រូវបានធ្វើឡើង នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីដ៏ធំមួយ នាថ្ងៃអង្គារនេះ ខណៈនាយករដ្ឋមន្ត្រីប៉ូឡូញ កំពុងព្យាយាមបង្កើនទំនាក់ទំនង ឲ្យកាន់តែមានភាពរឹងមាំ ជាមួយនឹងប្រទេសជាដៃគូ នៅក្នុងសហភាពអឺរ៉ុប។

រដ្ឋមន្ត្រីការពារជាតិ លោក Antoni Macierewicz និងរដ្ឋមន្ត្រីកិច្ចការបរទេស លោក Witold Waszczykowski ដែល​មានភាពចំរូងចំរាស់ បានបាត់បង់តួនាទីរបស់ពួកគេ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Jan Szyszko ផងដែរ នៅក្នុងសេចក្តីប្រកាសមួយ នៅឯពិធីជាផ្លូវការមួយ ដែលបានធ្វើឡើង នាវិមានប្រធានាធិបតី ស្ថិតក្នុងរដ្ឋធានី Warsaw។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mariusz Blaszczak បានទទួលកាន់តំណែង ជារដ្ឋមន្ត្រីថ្មី នៃក្រសួងការពារជាតិ ខណៈលោក Jacek Czaputowicz ដែលមានតួនាទីជាអនុរដ្ឋមន្ត្រីកិច្ចការបរទេស នឹងត្រូវកាន់តំណែង ជារដ្ឋមន្ត្រីថ្មី នៃក្រសួងកិច្ចការបរទេស។​ ព្រមជាមួយគ្នានោះ លោក Henryk Kowalczyk ត្រូវបានតែងតាំងជារដ្ឋមន្ត្រីថ្មី នៃក្រសួងបរិស្ថាន៕