(តូក្យូ)៖ អ្នកនាំពាក្យក្រសួង​ការពារជាតិជប៉ុន​បានឱ្យដឹងថា សហរដ្ឋអាមេរិកបាន​សុំទោសជប៉ុន​​ ចំពោះឧប្បទ្ទហេតុ​ច្រំដែលៗ បង្កឡើងដោយបិរក្ខា​យោធា​អាមេរិក ដែលបាន​និងកំពុងធ្វើ​ឱ្យប្រជាជនជប៉ុន​មានការខឹង​សម្បារកាន់​តែខ្លាំ​ងនឹងសកម្មភាពយោធាអាមេរិក នៅលើទឹកដី​ជប៉ុន។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នក​សារព័ត៌មានក្នុងលក្ខខ័ណ្ឌ​មិនបញ្ចេញឈ្មោះ អ្នកនាំពាក្យដដែល រដ្ឋមន្ត្រីការពារជាតិ​អាមេរិកលោក James Mattis បានសុំទោស​សមភាគីជប៉ុន លោក Itsunori Onodera បន្ទាប់ពីមាន​ឧប្បទ្ទវហេតុ​ជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងការចុះចត​ជាបន្ទាន់ ​របស់ឧទ្ធម្ភាគចក្រយោធា​អាមេរិក​មួយគ្រឿង កាលពីចន្ទ ម្សិលមិញ នៅឯកោះអូគីណាវ៉ា​ជាទីដែលកងទ័ព​អាមេរិកជាង ៤៧,០០០នាក់ កំពុងឈរជើង។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «លោករដ្ឋមន្ត្រី Onodera បាននិយាយ ថាវាជាការសុំទោសរបស់លោក James Mattis... មិនតែប៉ុណ្ណោះលោក​ក៏បានប្រាប់លោក Mattis ផងដែរ ជុំវិញការកើនឡើង​នៃឧប្បទ្ទវហេតុ​យោធាដដែលៗ ដែលបាន កើតឡើងនៅ​ក្នុង​ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ កាលពី​ឆ្នាំ២០១៧ ហើយចុង​ក្រោយបំផុត​វានៅតែបន្តកើតឡើង​ នៅក្នុងមករា ឆ្នាំ២០១៨នេះ​ទៀត នៅលើ​កោះអូគីណាវ៉ា»

គួរបញ្ជាក់ថា ពុំមានសេចក្ដី​រាយការណ៍​ពីជនរងគ្រោះ ឬកាខូចខាត​នោះទេ ក្រោយការចុះចត​ជាបន្ទាន់របស់​ឧទ្ធម្ភាគចក្រយោធា​អាមេរិក​មួយគ្រឿង កាលពីចន្ទម្សិលមិញ នៅក្បែរសណ្ឋាគារ​មួយក្នុងភូមិ Yomitan នៃកោះ​អូគីណាវ៉ា។​ ដោយឡែក បើគេ​ចាំមិនភ្លេច​ទេកាលពីខែឆ្នូ ឆ្នាំ២០១៧ បង្អួចឧទ្ធម្ភាគចក្រ​យោធាអាមេរិក​មួយគ្រឿង ក៏បាន ធ្លាក់លើទីធ្លា​សាលារៀនមួយ​កន្លែងលើកោះ​មួយនេះ តែមិនបានបណ្ដាល​ឱ្យសិស្សសាលាណា​ម្នាក់រងរបួស រីឯទីក្រុងវ៉ាស៊ីនតោន​ក៏បានចេញមុខ​សូមទោស​ផងដែរ៕