(សេអ៊ូល)៖ ក្រៅពីការយល់ព្រម​បញ្ជូនប្រតិភូ​ជាន់ខ្ពស់ និងអត្តពលិក ដើម្បីមកចូល​រួមកីឡាអូឡាំពិក​រដូវរងារ​ឆ្នាំ២០១៨ ​មន្រ្តីតំណាង​ទីក្រុងព្យុងយ៉ាង ក៏បានព្រមព្រៀង​ឲ្យមានការបើកឲ្យ​ប្រើប្រាស់ឡើងវិញ​ផងដែរចាប់ពីថ្ងៃពុធស្អែកនេះ នូវខ្សែទូរស័ព្ទ​បន្ទាន់ (Hotline) ផ្នែកយោធា​រវាង​​កូរ៉េ​ខាងជើង និងកូរ៉េខាងត្បូង ​ក្រោយពីវាត្រូវបានបិទ​ក្នុងអំឡុងពេល​ជិតពីរឆ្នាំមកហើយ ក៏ព្រោះតែទំនាក់ទំនង​នៃប្រទេស​ទាំងពីរ​ បានធ្លាក់ចុះដុន​ដាបខ្លាំង។ នេះបើតាម​ការអះអាង​ពីមន្រ្តីរដ្ឋាភិបាល​កូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មាន យុនហ៉ាប់ នៅរសៀល​ថ្ងៃអង្គារ ទី០៩ ខែ​មករា ឆ្នាំ២០១៨។

ការសម្រេច​ខាងលើ​ត្រូវ​បានចាត់ទុ​កថា ជាភាពវិជ្ជមានមួយទៀត បន្ថែមពីលើ​ការយល់ព្រមចូល​រួមព្រឹត្តិការណ៍​ កីឡាអូឡាំពិករដូវ​រងារឆ្នាំ២០១៨ ដែលបាន​កើតមាន​បន្ទាប់ពី ​កិច្ចប្រជុំអន្តរ​កូរ៉េ​​កាលពី​ម៉ោង ១០៖០០នាទីព្រឹក ថ្ងៃអង្គានេះត្រូវ​បានរៀបចំ​ឡើង​នៅ​ឯ​ភូមិ Panmunjom។​

គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ​បានចាប់ផ្តើម​​ចរចាគ្នាជាផ្លូវការ​ ដោយបានពិភាក្សាគ្នា​ស្តីពី​ការ​បញ្ជូន​អត្ត​ពលិក​​​​កូរ៉េខាងជើង ទៅចូលរួម​ប្រកួត​កីឡាអូឡាំពិក​រដូវរងារនៅ​ឯទីក្រុង Pyeong Chang ប្រទេស​កូរ៉េខាងត្បូង ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ក្រោយនេះ៕