(សេអ៊ូល)៖ កូរ៉េខាងត្បូង​នៅថ្ងៃអង្គារនេះ​បាននិយាយថា ខ្លួននឹងពិចារណាដកទណ្ឌកម្ម​សេដ្ឋកិច្ច ជាបណ្ដោះអាសន្ន​ពីកូរ៉េខាងជើង នៅក្នុងករណី​ចាំបាច់។ ការថ្លែងបែប​នេះ ធ្វើឡើងតែ​ប៉ុន្មានម៉ោង​ប៉ុណ្ណោះ ក្រោយកូរ៉េខាងជើង​​បានសម្រេចថា នឹងបញ្ជូន​ក្រុមប្រតិភូ​ជាន់ខ្ពស់ ព្រមទាំងអត្តពលិក​ឲ្យមកចូលរួមក្នុង​ការ​ប្រកួតកីឡា​អូឡាំពិក​​រដូវ​រងារ​ឆ្នាំ​២០១៨ ដែលនឹងប្រព្រឹត្ត​​ទៅនៅក្នុងទឹកដី​​កូរ៉េខាងត្បូង នាខែកុម្ភៈខាង​មុខនេះ។ នេះ​បើតាមការ​អះអាងពី​ក្រសួងការបរទេស​កូរ៉េខាងត្បូង ដកស្រង់ដោយ​សារ​ព័ត៌មាន Reuters នៅ​សៀល​ថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។

ការសម្រេចដែល​ត្រូវ​បានចាត់ទុកថា ជាភាពវិជ្ជមាន​នៃទំនាក់ទំនងប្រសើរ​ឡើងវិញបន្តិច​រវាងកូរ៉េទាំងពីរ បានកើតមានឡើង​បន្ទាប់ពី ​កិច្ចប្រជុំអន្តរកូរ៉េ​​កាលពីម៉ោង ១០៖០០នាទីព្រឹក ថ្ងៃអង្គានេះត្រូវបានរៀបចំឡើង នៅឯភូមិ Panmunjom។ ដោយឡែក នៅមុនជំនួបនេះ លោក Ri Son Gwon តំណាងកូរ៉េខាងជើងក៏បានលើក​ឡើងដូច្នេះដែរថា «នៅថ្ងៃនេះ​កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងចូលរួម​ក្នុងកិច្ចប្រជុំ​ជា​មួយជំហរ​ពិតប្រាកដ និងស្មោះត្រង់... ហើយ​ខ្ញុំសង្ឃឹមថា កិច្ចសន្ទនានេះ​នឹងទទួលបាន​លទ្ធផលល្អ»

គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ​បានចាប់ផ្តើម​ចរចាគ្នាជាផ្លូវការ​ ដោយបានពិភាក្សាគ្នា​ស្តីពីការបញ្ជូនអត្តពលិក​​កូរ៉េខាងជើង ទៅចូលរួម​ប្រកួត​កីឡាអូឡាំពិក​រដូវរងារនៅ​ឯទីក្រុង Pyeong Chang ប្រទេស​កូរ៉េខាងត្បូង ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ក្រោយនេះ។ ប៉ុន្តែទន្ទឹមគ្នា បើតាមសារព័ត៌មាន​កូរ៉េខាងត្បូង ទីក្រុងសេអ៊ូល ទំនងជាអាច​នឹងលើកឡើង​ផងដែរ ពីផ្លូវនាំទៅរក​ការស្ដារទំនាក់ទំនង​ឡើងវិញ រវាងកូរ៉េទាំងពីរ ព្រមទាំង​ការរៀបចំជំនួប​គ្រួសារកូរ៉េ ​ដែលបានព្រាត់ប្រាស់គ្នានៅអំឡុងសម័យ​សង្រ្គាម​កូរ៉េ៕