(មូស្គូ)៖ មេបញ្ជាការរងទីមួយ​ នៃកងកម្លាំងឆ្មាំ​ការពារជាតិរុស្ស៊ី លោក ស៊ឺហ្គៃ មែលីកូវ (Sergei Melikov) បានឱ្យដឹងថា កងកម្លាំងពិសេស​ប្រឆាំងនឹងយន្ដហោះ​គ្មានមនុស្សបើក ឬដ្រូន​ អាចនឹង លេចរូបរាងឡើង​នៅក្នុងកងឆ្មាំ​ការពារជាតិ​រុស្ស៊ី។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទ​សម្ភាសន៍ជាមួយ​សារព័ត៌មាន Izvestia ចេញផ្សាយ​នៅថ្ងៃអង្គារនេះ លោក Sergei Melikov បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុង​​ពិចារណា​បង្កើត កងកម្លាំងពិសេស​មួយ បំពាក់​ដោយបរិក្ខាយោធា​ទំនើបៗ ដើម្បីប្រយុទ្ធ​ប្រឆាំងនឹង​យន្ដហោះគ្មាន​មនុស្សបើក ហើយយើង​ក៏កំពុងសិក្សា​ពីគំរោងនេះ​ ជាមួយក្រសួងការពារជាតិ​រុស្ស៊ី​ដែរ»។

គួរបញ្ជាក់ថា បើតាមលោក Sergei Melikov កងកម្លាំង​ពិសេសខាងលើ អាចនឹងត្រូវបានដាក់​ពង្រាយនៅតាមទីតាំង​សំខាន់ៗ​នៅក្នុងប្រទេស​រុស្ស៊ី ជាពិសេសគឺ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​តែម្ដង ក្រោយ​ក្រសួងការពារជាតិ​រុស្ស៊ីអះអាងថា ក្រុមភេរវករអាច​នឹងដឹកនាំការវាយប្រហារ​ភេរវកម្ម ប្រឆាំងនឹងមូលដ្ឋាន​យោធានៅ​ក្នុង​ប្រទេសស៊ីរី៕