(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកបាន​សម្រេចចិត្ត​ពន្យាពេល ការប្រកាសពីជ័យលាភីដែលនឹង​ត្រូវទទួល «ពានរង្វាន់ព័ត៌មាន បោកប្រាស» ឬ «Fake News Awards» របស់​លោក​ប្រចាំឆ្នាំ ២០១៧ ទៅថ្ងៃពុធ ទី១៧ ខែមករាវិញ ដើម្បីទាក់ទាញ​ចំណាប់អារម្មណ៍​កាន់តែខ្លាំង។ នេះបើតាម​ការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅលើ Twitter កាលពី​ថ្ងៃអាទិត្យ លោក ត្រាំ បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «​ពានរង្វាន់ Fake News Awards សម្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មានពុករលួយ និងលំអៀងជាងគេ​បំផុតនឹងត្រូវប្រកាស​ដល់ជនបរាជ័យទាំងអស់ នៅថ្ងៃពុធ ទី១៧ ខែមករា ជាជាងត្រូវ​ប្រកាសនៅ​ថ្ងៃចន្ទនេះ។ ចំណាប់​អារម្មណ៍ និងសារៈសំខាន់ នៃពានរង្វាននេះ​ គឺធំធេងជាងអ្វីដែល​អ្នកគ្រប់គ្នា​រំពឹងទុក»

គួរបញ្ជាក់ថា នៅមុនពេល និងក្រោយជាប់ឆ្នោត​ជាប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ឥត​សម្ចៃមាត់ លើបណ្ដាញប្រព័ន្ធផ្សព្វ​ផ្សាយ​អាមេរិកមួយចំនួន ដែលលោកចាត់​ទុកថា ជាព័ត៌មាន​បោកប្រាស (Fake News) ក្រោយពួកគេ​បានចុះផ្សាយរិះគន់​រូបលោក និងគោល​នយោបាយនៃរដ្ឋបាល​របស់លោក​ជាបន្តបន្ទាប់។ ចំណែកឯ​សារព័ត៌មាន​ដែល លោក ត្រាំ តែងតែហៅថា​ជា Fake News មាន​ដូចជា CNN, New York Times និង Washington Post​ ជាដើម៕