​(វ៉ាស៊ីនតោន)៖ លោក Mike Pompeo នាយកទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់ CIA​ បាន​អះអាងថា ការអត្ថាធិប្បាយ​លើ Twitter ​នាពេលថ្មីៗនេះ​របស់ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ​ត្រាំ ជាមួយការប្រៀបធៀប​រវាងប៊ូតុងនុយក្លេអ៊ែរ​អាមេរិក និងកូរ៉េខាងជើង​បង្ហាញយ៉ាងច្បាស់​ថា គោលនយោបាយ​អាមេរិ​កបានធ្វើឱ្យ លោក គីម ជុងអ៊ុន យល់ព្រមត្រឡប់​ក្រោយ និងទទួលយក​សំណើសុំចរចា​របស់​កូរ៉េខាងត្បូង។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។

កាលពី​ថ្ងៃអង្គារ សប្ដាហ៍មុន លោក ដូណាល់ ត្រំា បានសរសេរ​នៅលើ T​witter ថាលោកមានប៊ូតុង​នុយក្លេអ៊ែរធំ និងខ្លាំងជាងប៊ូតុង​នុយក្លេអ៊ែរ របស់លោក គីម ជុងអ៊ុន ជាការឆ្លើយតប​នឹងការព្រមានប្រើប្រាស់​អាវុធនុយក្លេអ៊ែរ វាយប្រហារ​លើ​សហរដ្ឋអាមេរិក ពីសំណាក់​ទីក្រុង​ព្យុងយ៉ាង។ ជុំវិញការលើក​ឡើងនេះ​ដែរ លោក Pompeo យល់ថា ការអួតអាង​របស់លោក ត្រាំ បានបញ្ជាក់ពី​គោលជំហរ​របស់ទីក្រុង​វ៉ាស៊ីនតោន មិនទទួលស្គាល់​កូរ៉េខាងជើង​ជារដ្ឋ​នុយក្លេអ៊ែរ។

លោក Pompeo បានគូស​បញ្ជាក់​ដូច្នេះថា «គាត់ (លោក គីម ជុងអ៊ុន) កំពុង​ស្វែងរក​កន្លែងឈរជើង ដើម្បីដើរ​ត្រឡប់​ក្រោយ... ហើយ​នៅពេល​ដែលគាត់យល់ថា វាជាការ​គំរាម​កំហែង គាត់នឹង​ព្យាយាម​ធ្វើ ឱ្យវាមាន​ភាព​ស្ងប់ស្ងាត់។ ដូច្នេះអ្នក​នឹងបានឃើញ​កាន់តែច្បាស់ថា រដ្ឋបាលមួយនេះ​នឹងមិនដើរ​តាមគន្លង​រដ្ឋបាលមុនៗ​នោះទេ»

គួរបញ្ជាក់ថា កូរ៉េខាងត្បូង​ និងកូរ៉េខាងជើង នឹងផ្ដើមជួបចរចា​គ្នានៅ​ម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ថ្ងៃអង្គារ​ស្អែកនេះ​នៅឯភូមិ Panmunjom ដើម្បីពិភាក្សា​គ្នាស្ដីពី ការបញ្ជូន​អត្តពលិក​កូរ៉េខាងជើង ឱ្យទៅចូលរួមក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាពិក​រដូវរងារ​នៅទីក្រុង Pyeong Chang ប្រទេស​កូរ៉េខាងត្បូង ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨៕