(ស្តុកហូម)៖ គណៈវិនិច្ឆ័យ​នៅក្នុងការជំនុំ​ជម្រះក្តី លោក Mehmet Hakan Atilla ដែលជានាយក​ប្រតិបត្តិ​នៃធនាគារ Halkbank នៃប្រទេសតួកគីដែលត្រូវបានចោទប្រកាន់​ថា បានចូលរួមក្នុង​គម្រោងជួយអ៊ីរ៉ង់​ គេចចេញពីការដាក់ទណ្ឌកម្ម​របស់អាមេរិក។ នេះបើតាម​របាយការណ៍ផ្លូវការពី Stockholm ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨។

លោក Mehmet Hakan Atilla អ្នកជំនួញ  Reza Zarrab ព្រមទាំងបុគ្គល ០៧នាក់ទៀតរួមមាន អតីតរដ្ឋមន្រ្តីសេដ្ឋកិច្ច​នៃប្រទេសតួកគី និងនាយកប្រតិបត្តិ​នៃធនាគារ Halkbank ពីរនាក់ផ្សេង​ទៀតត្រូវបានគេចោទ​ប្រកាន់ពីបទចូល​រួមក្នុងប្រតិបត្តិការ ដែលមានតម្លៃរាប់​រយលានដុល្លារ​ ជួយដល់​រដ្ឋាភិបាលអ៊ីរ៉ង់ និងអង្គភាព​អ៊ីរ៉ង់ពី ឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ នៅក្នុងផែនការ​មួយ ដើម្បីគេចផុតពីទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក។

លោក ជុនគីម ដែលជាមេធាវីប្រចាំ​នៅសង្កាត់ម៉ាន់​ហាធិន សហរដ្ឋអាមេរិក​បានចេញសេចក្តី​ថ្លែងការណ៍​មួយ ដែលបានលើកឡើងថា «បន្ទាប់ពីការ​កាត់ក្តីដោយ​យុត្តិធម៌​ និងប្រកបដោយតម្លាភាព គណៈកម្មការ​ជា​ឯកច្ឆ័ន្ទបាន​​ផ្តន្ទាទោស លោក Hakan Atilla រួមជាមួយនឹង​​ការប្តឹងឧទ្ធរណ៍​របស់ លោក Reza Zarrab ជាប់ទោស​ពីបទឧក្រិដ្ឋសហព័ន្ធ​ដ៏ធ្ងន់ធ្ងរ ដោយអ្នកទាំង ០២រូបនេះ ជាមេខ្លោងធំ​ក្នុងគម្រោងទាញប្រទេសអ៊ីរ៉ង់ គេចចេញពីទណ្ឌកម្មអាមេរិកក្នុងទឹកប្រាក់​រាប់ពាន់លានដុល្លារ។

លោក Zarrab បានសារភាព​នៅក្នុងតុលាការ​សហព័ន្ធ​ទីក្រុងញូវយ៉ក​កាលពីដើម
ខែធ្នូថា លោកបានអោយជា​សំណូកដល់អតីតរដ្ឋមន្រ្តី​សេដ្ឋកិច្ចរបស់​ប្រទេសតួកគី គឺលោក Mehmet Zafer Çağlayan លួចយកមាស​ ដើម្បីប្រឆាំង​នឹងការដាក់​ទណ្ឌកម្មរបស់​អាមេរិក​ទៅលើអ៊ីរ៉ង់។ លោក Zarab បាននិយាយ​ថា នាយករដ្ឋមន្ត្រីតួកគីដែលជាប្រធានាធិបតី​បច្ចុប្បន្ន លោក Recep Tayyip Erdogan ផ្ទាល់បានអនុញ្ញាត​ឱ្យមានការចូលរួម​ពីធនាគារតួកគី នៅក្នុងគម្រោងនេះ។ លោក Zarrab ក៏បាននិយាយ​ផងដែរថា លោកបានបង់ប្រាក់​ដើម្បីធានាការ​ដោះលែង​លោក នៅក្នុងខែកុម្ភៈឆ្នាំ ២០១៤ ហើយថាការបង់​ប្រាក់ទាំងនោះ គឺជាការសូកប៉ាន់​មួយផ្នែក​ដែរ។

គួរបញ្ចាក់​ផងដែរថា ក្នុងឆ្នាំ ២០១៣ លោក​ប្រធានាធិបតី Erdogan បានអះអាងថា ការចោទប្រកាន់​ទាំងនេះមាន គោលបំណង​ផ្តួលរំលំលោក ដែលធ្វើឡើងដោយ​អ្នកគាំទ្រចលនា ហ្គូឡិន ដែលពួកគេរាប់ពាន់​នាក់ត្រូវបាន​បណ្តេញចេញ និងដាក់គុក។ ប៉ុន្តែលទ្ធផល​នៃតុលាការ​បានបង្ហាញ​ថា ការចោទប្រកាន់​លើប្រធានាធិបតី​ទាំងអស់សុទ្ធ​តែត្រឹមត្រូវ ហើយ ហ្គូឡិន ជាចលនាដែលមិនមាន​អ្វីពាក់ព័ន្ធនឹង​រឿងក្តីនេះទេ។ បន្ទាប់ពីការ​លាតត្រដាង​រឿងក្តីនេះ​មក ប្រជាពលរដ្ឋរង់​ចាំមើលការពិត​ នៅពីក្រោយការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​នៅឆ្នាំ២០១៦៕