(យូអិន)៖ ភាពវឹកវរនៅ​ក្នុងប្រទេសអ៊ីរ៉ង់ ពុំមែនជាការ​គម្រាមកំហែង​ដល់សន្តិសុខ ក៏ដូចជាសន្តិភាព​ពិភពលោកនោះ​ឡើយ។ នេះ​បើតាមសម្តី​របស់តំណាង​អចិន្រ្តៃយ៍​នៃប្រទេសបារាំង ប្រចាំនៅអង្គការ​សហប្រជាជាតិ UN នៅព្រឹក​ថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ​​​២០១៨។

ថ្លែងក្នុងកម្មវិធីជជែក​ដេញដោល​មួយ ស្តីពីស្ថានការណ៍​នៅក្នុងប្រទេសអ៊ីរ៉ង់ ឯកអគ្គរដ្ឋទូត​បារាំងប្រចាំ UN លោក ហ្វ្រង់ស័រ ឌែឡាតទ្រេ (Francois Delattre) ​បាន​លើកឡើងថា «ទោះបីជាភាព​ចលាចល​ជាច្រើន​ថ្ងៃកន្លងទៅនេះ​នៅអ៊ីរ៉ង់ មើលទៅហាក់​បីគួរឲ្យព្រួយបារម្ភ​យ៉ាងណាក្តី ក៏ទាំងនោះពុំមែនជាការគម្រាម​កំហែង​ដល់សន្តិសុខ និង​សន្តិភាពអន្តរជាតិ​នោះឡើយ។ ពួកយើងទាំង​អស់គ្នា ត្រូវឆ្លើយតប​ដោយសមរម្យ​ទៅនឹងអ្វីដែល​កំពុងកើត​ឡើង។ និយាយទៅ គឺយើងត្រូវ​ធានាថា ពួកយើងនឹង​បន្តតាមដាន​ស្ថានការណ៍ ដែល​កំពុងប្រព្រឹត្ត​ទៅឲ្យ​ជាប់ ហើយយើងត្រូវប្រុង​ប្រយ័ត្នខ្ពស់ ចំពោះសកម្មភាព​ប៉ុនប៉ង​ទាំងឡាយ ដែលចង់ឆ្លៀត​ឱកាសកេងចេញ​យកប្រយោជន៍​ផ្ទាល់​ខ្លួន​​ពី​វិ​បត្តិនេះ​»

នៅក្នុងកិច្ចប្រជុំ​បន្ទាន់របស់ UN ដែលស្នើឡើងដោយ​ទីក្រុងវ៉ាស៊ីនតោន​នេះ អ្នកតំណាង​ប្រទេស​រុស្ស៊ី ក៏បានលើក​ឡើងដែរថា បញ្ហា​ពាក់ព័ន្ធ​នឹងអ៊ីរ៉ង់នេះ មិនគួរលើក​យកមកពិភាក្សា​នៅក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ​តាំងពី​ដំបូងម្ល៉េះ។ ឯកអគ្គ​រដ្ឋទូត​រុស្ស៊ីប្រចាំ UN លោកវ៉ាសស៊ីលី ណេប៊ិនស្យា (Vassily Nebenzia) បាននិយាយដូច្នេះថា «ថ្ងៃនេះយើង​បានមើលឃើញ​ផ្ទាល់ភ្នែក​​ជាថ្មី​ម្តង​ទៀត នូវរបៀបដែល​សហរដ្ឋអាមេរិក​កំពុងប្រើប្រាស់វេទិកា ក្រុមប្រឹក្សាសន្តិសុខ (UNSC) តាមតែទំនើង​ចិត្ត​របស់ខ្លួន។ ម៉្យាងវិញទៀត វាច្បាស់​ណាស់ថា ប្រធានបទ​នៅ​ថ្ងៃ​នេះ គឺពុំស្របទៅនឹង​អ្វីដែលត្រូវបានចែង​នៅក្នុង​ធម្មនុញ្ញរបស់ UN សម្រាប់​ក្រុមប្រឹក្សា​សន្តិសុខឡើយ»។

គួរជម្រាបថា ការធ្វើបាតុកម្ម​យ៉ាងកក្រើកនៅ​ក្នុងប្រទេសអ៊ីរ៉ង់ ដែលបានផ្ទុះឡើង​តាំងពីចុងខែធ្នូ ឆ្នាំ២០១៧មកនោះ បានផ្តាច់ជីវិត​​មនុស្សសរុប​ជាង ២០នាក់ និងមនុស្ស​ជាង ៤០០នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន។ ជុំវិញរឿងនេះ រដ្ឋាភិបាល​ទីក្រុងតេហេរ៉ង់ បាន​ចង្អុល​មុខ​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​មួយចំនួនទៀត ថាជាអ្នកញុះញង់​ឲ្យមានភាពចលាចល​នេះ ខណៈទីក្រុង​វ៉ាស៊ីនតោន​​បានបង្ហាញជំហរ​គាំទ្រដល់​ក្រុមបាតករ និងថ្កោលទោស​ចំពោះការបង្រ្កាប​ដោយហិង្សា​ ពីអាជ្ញាធរអ៊ីរ៉ង់​ទៅលើ​ក្រុមអ្នកតវ៉ា៕