(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានទទួលស្គាល់ថាស្ថានភាពសន្តិសុខរបស់ជប៉ុនកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ធំបំផុត គិតចាប់តាំងពីសង្រ្គាមលោក លើកទី២ ដោយសារតែការបង្ករឿងឥតឈប់ឈររបស់កូរ៉េខាងជើង។ តែព្រមពេលជាមួយគ្នា លោកក៏បានសន្យាថានឹងបង្កើនសមត្ថភាពយោធាដើម្បីការពារប្រជាជន ជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ លោក អាបេ បានគូសបញ្ជាក់ដូច្នេះថា៖« វាមិនមែនជាការនិយាយបំផ្លើសនោះទេ ដែលថា ស្ថានភាពសន្តិសុខជប៉ុន កំពុងស្ថិតនៅក្រោមការគំរាមកំហែងធ្ងន់ធ្ងរចាប់តាំងពីសង្រ្គាមលោកលើកទី០២មក ដោយសារតែកូរ៉េខាងជើង...ប៉ុន្តែខ្ញុំសន្យាថានឹងការពារអាយុ ជីវិតប្រជាជនជប៉ុន និងការរស់នៅប្រកបដោយសន្តិភាពរាល់ស្ថានភាពទាំងអស់»។ លោក អាបេ បន្ថែមថាជប៉ុននឹងចាត់វិធានការថ្មីៗសំដៅពង្រឹងសមត្ថភាពយោធាការ ពារខ្លួន ដោយលោកមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ស៊ីនហ្សូ អាបេ ធ្វើឡើងនៅស្របពេលដែលកូរ៉េខាងជើង បានយល់ព្រមទទួលយកសំណើចូលរួមកិច្ចសន្ទនាជាមួយ កូរ៉េខាងត្បូង នៅថ្ងៃទី០៩ ខែមករាខាងមុខនេះ និងបន្ទាប់ពីអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានព្រមានថាកូរ៉េខាងជើងអាចនឹង បាញ់សាកល្បងមីស៊ីលជាថ្មីក្នុងពេលថ្មីៗនេះ៕