(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបច្ចេក​វិទ្យាយក្ស Google បានដាក់ចេញ​នូវ​ការអាប់ដេតសន្តិសុខ​សម្រាប់​ខែមករា ឆ្នាំ២០១៨​ របស់​ខ្លួន ដើម្បីកែតម្រូវ​ក៏ដូចជាបំពេញ​បន្ថែមនូវ ចន្លោះប្រហោង​ផ្នែកសន្តិសុខ​សរុបចំនួន ៣៨ចំណុច ​សម្រាប់​ស្មាតហ្វូន Pixel និង Nexus ដែលប្រើប្រាស់ប្រព័ន្ធ​ប្រតិបត្តិការ Android។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។

សេចក្តីប្រកាសព័ត៌មាន​របស់ Google បានឲ្យដឹងថា ការអាប់ដេត​សន្តិសុខខាងលើនេះ បានដោះស្រាយ​នូវរាល់ចំណុចចន្លោះ​ប្រហោង​សំខាន់ៗ ហើយវាមានប្រសិទ្ធភាព​ទៅលើ​ស្មានហ្វូន Pixel និង Nexus ដែលជាផលិតផល​ផ្ទាល់របស់ក្រុមហ៊ុន Google គ្រប់ជំនាន់ រួមមានដូចជា Nexus 5X, Nexus 6P, Pixel, Pixel XL, Pixel 2, Pixel 2 XL, និង Pixel C ដើម្បីឲ្យអ្នកប្រើប្រាស់ ​​អាច​​រក្សាឲ្យទូរស័ព្ទ​ដៃ​របស់ពួកគេ​ មានសុវត្ថិភាព។

គួរជម្រាបថា ទោះបីជាជា​ខ្លួនពុំទទួលបាន សេចក្តីរាយ​ការណ៍ណាមួយ អំពីស្មាតហ្វូនរបស់អ្នកប្រើប្រាស់ រងការចូលលុកលុយ​​​ពីប្រភពខាងក្រៅ តាមចំណុចចន្លោះ​ប្រហោងផ្សេងៗ​ក៏ដោយ ក្រុមហ៊ុន Google បានទទូច​ជាខ្លាំងថា អ្នកប្រើប្រាស់​ទាំងអស់​​​​អាប់​ដេតទូរស័ព្ទ​របស់ពួកគេ ឲ្យបានឆាប់បំផុត​តាមតែអាច​ទៅរួច៕