(អាមេរិក)៖ ទីភ្នាក់ងារស្រាវជ្រាវ​វិស័យការពារជាតិ DARPA នៃ​សហរដ្ឋអាមេរិក សហការជា​មួយទីភ្នាក់ងារ​អវកាស NASA កំពុង​រៀបចំ​គម្រោងនឹងបង្កើត​បច្ចេកវិទ្យា​មនុស្សយន្ត (រ៉ូបូត) ដែលអាច​បញ្ចូលឥន្ទនៈឲ្យ ក៏ដូចជាជួសជុល​ផ្កាយរណបនានា ដែលស្ថិត​នៅ​ទីអវកាស​បាន។ នេះបើតាម​ការដកស្រង់​ការផ្សយចេញ​ពីសារព័ត៌មាន Hindustan Times នៅព្រឹក​ថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ​២០១៨។

«ស្ថានីយផ្តល់សេវា​​ក្នុងគន្លងអវកាស» ដែលជាឈ្មោះត្រូវ​បានដាក់ឲ្យផ្កាយរណប​រ៉ូបូតទាំងនេះ​នឹងពុំត្រឹមតែអាចបញ្ចូល​​ឥន្ធនៈឲ្យផ្កាយរណប​ដទៃទៀតប៉ុណ្ណោះទេ ពួកវាថែម​ទាំងអាចជួយថែទាំ​ឲ្យ​ផ្កាយរណបទាំង​នោះ មានដំណើរការបាន​យូរ​អង្វែង​​​ទៀតផង។ យោងតាម​សេចក្តីរាយការណ៍​របស់វែបសាយ Futurism ក្រុមរ៉ូបូត​អវកាសនេះ អាចជួសជុលបញ្ហា​តូចតាច​បានជា​ច្រើន និងអាចបំពេញ​តម្រូវការក៏ដូចជា​មើលថែទាំ ផ្កាយរណប​សព្វថ្ងៃ ដែលកាន់តែ​ចាស់ទៅៗ និងរង​ការខូចខាត។

ទីភ្នាក់ងារទាំង​ពីរខាងលើ ក៏សង្ឃឹមថា ​នឹងអាចធ្វើឲ្យគន្លង​នៃភពផែនដីយើង ពុំមានកម្ទេចកម្ទីរ​សម្រាមអវកាស ដែលបង្កឡើង​ដោយ​​ផ្កាយរណបដែល​ឈប់ដំណើរ ឬបំណែក​របស់ពួកវា ដែលត្រូវបានគេបោះបង់​ ឲ្យរសាត់អណ្តែតនៅក្នុងលំហអាកាស​ជុំវិញ​ភពរបស់យើង​ផងដែរ។ គិតត្រឹមឆ្នាំ២០១៥ វត្ថុផលិតដោយ​មនុស្សប្រមាណ ២៥,០០០គ្រឿង កំពុងស្ថិតនៅជុំវិញផែនដី។

គួរជម្រាបថា ក្រៅពីនេះ​ផ្កាយរណបរ៉ូបូត​ខាងលើ ក៏អាចប្រឈមមុខតទល់នឹ​ងគ្រឿងយន្តសត្រូវ នៅទីអវកាស​ផងដែរ ដោយ​មាន​ន័យថា ពួកវាទាំងនោះ អាចកម្ចាត់ផ្កាយ​រណបរបស់សត្រូវបាន នៅក្នុងករណីដែល​សង្រ្គាមផ្ទុះឡើង តាមរយៈការបំបែកខ្លួន​​របស់​គូសត្រូវ ឬធ្វើឲ្យផ្កាយ​រណបសត្រូវ​របស់ពួកវា ធ្លាក់មកផែនដី​វិញ៕