(តេហេរ៉ង់)៖ ខណៈអ៊ីរ៉ង់​កំពុងប្រឈមមុខ​ នឹងចរន្តបាតុកម្ម​តវ៉ាកាន់តែខ្លាំងនៅក្នុង​ប្រទេស ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានឆ្លៀត​ឱកាសលូកដៃ​ក្នុងវិបត្តិនេះ ដោយនិយាយថា អ៊ីរ៉ង់ត្រូវការ​ផ្លាស់ប្ដូរ។ ប៉ុន្តែអ្នក​ជំនាញខ្លះ​យល់ថា លោក ត្រាំ មិនបាន​យល់ច្បាស់​ពីប្រភព​នៃបាតុកម្ម ជាពិសេសគឺប្រជាជន​អ៊ីរ៉ង់ដែលនៅ​តែមើលឃើញថា សហរដ្ឋអាមេរិក​គឺជាមេ​បង្កការបំផ្លិចបំផ្លាញ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today (RT)​ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។

មួយថ្ងៃមុន​ចូលឆ្នាំថ្មី លោក ដូណាល់ ត្រាំ បានបង្ហោះ​សារគាំទ្រក្រុម​បាតុករ ប្រឆាំង​នឹងរដ្ឋាភិបាលអ៊ីរ៉ង់​លើបណ្តាញសង្គម Twitter​ ដោយអំពាវនាវ​ឱ្យរបបដឹកនាំអ៊ីរ៉ង់​សព្វថ្ងៃ គោរពសិទ្ធិ​ប្រជាជន​របស់ខ្លួន និងថែមទាំង​ព្រមានដែរថា របបគាបសង្កត់​មិនអាចនៅឋិតឋេរ​យូរអង្វែង​នោះទេ ហើយថា​ពិភពលោកកំពុង​តាមដានយ៉ាង​យកចិត្តទុកដាក់ ចំពោះ ការរំលោភ​សិទ្ធិមនុស្សពី​សំណាក់​អាជ្ញាធរ​អ៊ីរ៉ង់។

ប៉ុន្តែជុំវិញ​បញ្ហាដែរ ថ្លែងក្នុងបទសម្ភាសន៍​ជាមួយ RT សាស្រ្តាចារ្យ​មកពីសកល​វិទ្យាល័យ Aydin ក្នុងទីក្រុង​អ៊ីស្ដង់ប៊ូល ប្រទេស​តួកគី លោក អាហ៍ម៉េដ អាល់ បួរ៉ៃ (Ahmed Al-Burai) យល់ថា ប្រជាជនអ៊ីរ៉ង់​ក្នុងនោះរួមមាន​ទាំងក្រុមបាតុករប្រឆាំង នឹងរដ្ឋាភិបាល​អ៊ីរ៉ង់ នៅតែមើល​ឃើញ​សហរដ្ឋអាមេរិក និងលោក ដូណាល់ ត្រាំ ក្នុងផ្លូវអវិជ្ជមាន ហើយពួកគេ​​ក៏មិនជឿជាក់​លើទីក្រុងវ៉ាស៊ីនតោន​ដែរថា អាចជួយ​ការពារសិទ្ធិ និងផលប្រយោជន៍​របស់​ពួកគេ។

លោក Al-Burai បន្ថែមថា ប្រជាជនអ៊ីរ៉ង់​មិនជឿជាក់លើ លោក ត្រាំ ដោយសារតែ រដ្ឋាភិបាល​របស់លោក​បានទាត់ចោល​ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពីឆ្នាំ២០១៥។ មិនតែ​ប៉ុណ្ណោះ នៅក្នុង​កែវភ្នែករបស់​ពួកគេ​គោលនយោបាយ​អាមេរិក ​នៅក្នុងតំបន់មជ្ឈិមបូព៌ា​ បានបង្ក​ជាសង្រ្គាម និងអស្ថេរភាព​នៅក្នុងតំបន់ ជាឧទាហរណ៍​នៅស៊ីរី និងអ៊ីរ៉ាក់ ហើយ​រឹតតែ​សំខាន់ជាងនេះ​ទៅទៀត​គឺថា សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធរបស់​អារ៉ាប៊ីសាអូឌីត និងអ៊ីសា្រអែល ដែលប្រទេស​ទាំងពីរនេះអាចនិយាយបាន​ថា ជាសត្រូវធំបំផុតរបស់អ៊ីរ៉ង់។

គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុង​ប្រទេសអ៊ីរ៉ង់ បានផ្ទុះឡើង​ដំបូងកាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍មុន នៅក្នុងទីក្រុង Mashhad ដោយក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំ​គ្នានៅតាម​ដងផ្លូវ ដើម្បី​សម្ដែង​ការប្រឆាំង​ជំទាស់នឹងការឡើង​ថ្លៃទំនិញ និងអំពើ​ពុករលួយ។ ដោយឡែក បើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុងស្រុក បាតុកម្មតវ៉ា​ឈានចូល​ថ្ងៃទី០៥ នេះបានក្លាយ​ជាអំពើ​ហិង្សា និងបណ្ដាល​ឱ្យមនុស្ស ១៣នាក់ បាត់បង់ជីវិត៕