(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់​អនុប្រធានាធិបតី​អាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) លោក ហ្សារ៉ដ អាជែន (Jarrod Agen) ​បាន​និយាយថា សេចក្ដីរាយការណ៍​នៃបណ្ដា​សារព័ត៌មាន ដែលថា​លោកអនុប្រធានាធិបតី​អាមេរិក នឹងពន្យាពេល​បំពេញដំណើរទស្សនកិច្ច​ជាថ្មី ទៅកាន់ប្រទេស​អេហ្ស៊ីប និងអ៊ីស្រាអែល​គឺជារឿងមិនពិត ហើយថា​ដំណើរ​ទស្សនកិច្ច នេះនឹងត្រូវ​ធ្វើឡើងតាម​គ្រោងទុកក្នុង​ខែមករានេះ។ នេះបើ​តាមការចេញ​ផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅវលើ Twitter លោក Jarrod Agen បានបញ្ជាក់​ដូច្នេះថា «ដូចយើងបាន​និយាយ អនុប្រធានាធិបតី លោក Mike Pence នឹងធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់អេហ្ស៊ីប និងអ៊ីស្រាអែល​ក្នុងខែមករា។ ដូច្នេះសេចក្ដី​រាយការណ៍​ពីការពន្យាពេល​ទស្សនកិច្ចនេះ គឺជារឿង​មិនពិត»។ ការលើក​ឡើងរបស់ លោក Agen ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន Times of Israel បាន​រាយការណ៍ថា លោក Pence នឹងពន្យាពេល​ជាថ្មីក្នុងការ​បំពេញដំណើរទស្សនកិច្ច​ ទៅកាន់តំបន់​មជ្ឈិមបូព៌ា ហើយមិនតែ​ប៉ុណ្ណោះ សារព័ត៌មាននេះ​ដដែល ផ្អែកលើប្រភពពីក្រសួង​ការបរទេស​អ៊ីស្រាអែល បានអះអាង​ថា លោកអនុ​ប្រធានាធិបតី​អាមេរិក មិនមានឈ្មោះ​ក្នុងបញ្ជីឈ្មោះ នៃមន្ត្រីកំពូល​បរទេស ត្រូវមក​បំពេញទស្សនកិច្ច​នៅអ៊ីស្រាអែល​នោះទេ។

គួរបញ្ជាក់ថា លោក Mike Pence គ្រោងនឹង​បំពេញទស្សនកិច្ច​ ទៅកាន់តំបន់មជ្ឈិមបូព៌ា​នៅពាក់កណ្ដាល​ខែមករានេះ ក្រោយត្រូវបានផ្អាក​កាលពីថ្ងៃទី២០ ខែធ្នូ ដោយ សារតែសភា​អាមេរិកបោះឆ្នោត​លើកំណែទម្រង់​ច្បាប់ពន្ធដារ៕